(ភ្នំពេញ)៖ អនុប្រធានសុរិយោដីខណ្ឌសែនសុខម្នាក់ឈ្មោះ ថង សុវណ្ណារ៉ា ដែលបើកបររថយន្ដក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យនារី២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ក្រោយបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញលោក ថង សុវណ្ណារ៉ា កំពុងស្ថិតក្រោមចំណាត់ការនៃការសួរនាំរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។
សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ រវាងរថយន្ដឡង់គ្រីស័រ ពាក់ផ្លាកលេខរដ្ឋ17 2-0304 បុកជាមួយម៉ូតូមួយគ្រឿង ម៉ាក Honda Click ពាក់ផ្លាកលេខភ្នំពេញ1LK-2865 តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងខណ្ឌសែនសុខ។
របាការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ភាគីខាងរថយន្តបើកបរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង ហើយបានបត់ឆ្វេងបណ្ដាលឲ្យបុកម៉ូតូដែលបើកបរដោយនារី២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ក្រោយបុកហើយអ្នកបើកបរថយន្តឡង់គ្រីស័រ នោះបែរជារត់គេចចេញកន្លែងកើត ហើយត្រូវបានសមត្ថកិច្ចដេញឃាត់បាននៅលើផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ពេលឃាត់ខ្លួនបាន សមត្ថកិច្ចបានវាស់ជាតិអាកុល រកឃើញថា អ្នកបើករថយន្តរូបនេះមានកម្រិតជាតិស្រវឹងរហូតដល់ជាង ១,៨មីល្លីក្រាមក្នុងមួយលីត្រខ្យល់។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកម៉ូតូរួមទាំងរថយន្តរក្សាទុក និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕