(ពោធិ៍សាត់)៖ លោកបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែក្នុងខេត្តពោធិ៍សាត់។
ផ្លូវទាំងពីរនេះ ប្រវែងសរុប ១០,៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ៣កន្លែង និងលូមុខពីរចំនួន ២កន្លែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងសង្កាត់រលាប សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
នាឱកាសនោះ លោកបណ្ឌិត ចាន់ ដារ៉ុង បានមានប្រសាសន៍លើកឡើងថា បន្ទាប់ពីផ្លូវទាំង ២ខ្សែនេះ ត្រូវបានស្ថាបនារួចរាល់ ការងារថែទាំពិតជាមានសារៈសំខាន់បំផុត ដើម្បីធានាអោយផ្លូវប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើដំណើរនិងដឹកកសិផលរបស់ប្រជាពលរដ្ឋជាប្រយោជន៍រួម ហើយការងារថែទាំនេះ គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនេះ ដើម្បីធានានូវការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ និងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាច្រើន ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា។
លទ្ធផលជារួម ក្រោយធ្វើការចុះត្រួតពិនិត្យដោយផ្ទាល់រួចមក, គណៈកម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេស និងគុណភាពផ្លូវមានភាពល្អប្រសើរ អាចបម្រើការធ្វើចរាចរណ៍បានដោយរលូន៕