(ស្វាយរៀង)៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យនាយករងវិទ្យាល័យជីភូម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាល២នាក់នៅក្រុងបាវិត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥៖២០នាទីទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥០-១៥១ ក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។
សមត្ថកិច្ចបានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាក WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1Q-8665 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សេក សាក់ខាត់ណា អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខ នៅភូមិអូតាមោ ឃុំ មនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ពេលមកដល់ចំណុចកន្លែងកើតហេតុខាងលើ ក៏បុកម៉ូតូមួយគ្រឿងម៉ាកសង់ C125 ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង 1A-9284 បើកបរឆ្លងផ្លូវពីត្បូងទៅជើងបើកបរដោយឈ្មោះ មាឃ សាម៉ន អាយុ៥៣ឆ្នាំ មុខរបរគ្រូបង្រៀន នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នករួមដំណើរឈ្មោះ ទន់ សុទ្ធី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរគ្រួបង្រៀន នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសធ្ងន់ គ្មានពាក់មួកសុវត្ថិភាព រួចបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ឈ្មោះ មាឃ សាម៉ន រងរបួសធ្ងន់មិនអាចសង្គ្រោះបានក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យគួរឲ្យសង្វេគ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ ដោយសារម៉ូតូម៉ាកសង់ C125 ស្លាកលេខស្វាយរៀង 1A-9284 ឆ្លងផ្លូវពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្នទើបបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងបែបនេះ៕