(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយ៥ ក្រោមទុនវិនិយោគជាង ៦០លានដុល្លារ នឹងលេចរូបរាងនៅទឹកដីក្រុងបាវិត នាពេលឆាប់ៗខាងមុខនេះ។
ការបញ្ជាក់របស់លោកបានធ្វើឡើងក្នុងឱកាសដែលលោក តំណាងឱ្យលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចុះពិនិត្យទីតាំងគម្រោងស្នើសុំវិនិយោគសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុន YUNYA Hotel Co.,Ltd ក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដែលមានលោក SHEN LeiLei មកពីខេត្តជើជាំង សាធារណរដ្ឋប្រជាមានិតចិន ជាម្ចាស់ភាគហ៊ុន។ ក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីក្រុមការងារអន្តរក្រសួងដឹកនាំដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង នៃគណ:កម្មាធិការវិនិយោគកម្ពុជាផងដែរ។
នាឱកាសនោះលោក សរ សុដានី បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ប៉េង ពោធិ៍សា គម្រោងវិនិយោគជាច្រើនកំពុងកើនឡើងជាបន្តបន្ទាប់។ ជាមួយគ្នានេះ គម្រោងវិនិយោគសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មាន២៨០បន្ទប់ ៧០វីឡា មានភោជនីយដ្ឋាន ស្ទីមសូណា ផ្សារទំនើប និងលេចចេញជារូបរាងនាពេលឆាប់ៗខាងមុខនេះនៅលើទឹកដី ភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា តាមរយៈគម្រោងវិនិយោគនេះ អាចបង្កើតឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋជាង៥០០កន្លែង ហើយនេះជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ៕