(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មន្ត្រី-បុគ្គលិកក្រោមឱវាទ ត្រូវពង្រឹងបន្ថែមទៀត លើការងារឱសថសាស្រ្ត រួមទាំងឱសថបុរាណ ដោយត្រូវជំរុញក្នុងការបង្កើនសមត្ថភាព ដូចជាវិធីសាស្រ្តនៃការប្រើប្រាស់ស្តង់ដាឱសថឱ្យបានត្រឹមត្រូវ ចាប់ពីការបណ្តុះបណ្តាល រហូតដល់ការព្យាបាល ស្របតាមបច្ចេកទេស និងសម័យកាលនវានុវត្តន៍ និងក្រមសីលធម៌វិជ្ជាជីវៈជាឱសថការី។
ការថ្លែងយ៉ាងដូច្នេះ របស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។
បន្ថែមពីនេះលោករដ្ឋមន្រ្តី បានរំលឹកបន្ថែមក្នុងការបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើការងារគាំពារសុខភាពមាតា ទារក និងកុមារ ដោយថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ ត្រូវតែបង្កើនសមត្ថភាពមន្រ្តីជំនាញ តាមរយៈការបណ្តុះបណ្តាលឱ្យកាន់តែមានជំនាញច្បាស់លាស់ ស្របតាមការរីកចម្រើននៃសកលលោក។
ម៉្យាងវិញទៀត លោកសាស្ត្រាចារ្យក៏បានណែនាំបន្ថែមទៅថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវជំរុញលើការងារបណ្តុះបណ្តាលគ្រប់កម្រិតស្តង់ដានៃការសិក្សា ទាំងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន។
លោករដ្ឋមន្រ្តីក៏បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារ ត្រូវបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ត ការរៀបចំការធ្វើសំយោគមតិ និងការសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធគ្រប់ឋានុក្រម។ ថ្នាក់ដឹកនាំតាមអង្គភាព ត្រូវពង្រឹងបែបបទការងារ សមត្ថភាពមន្រ្តីក្រោមឱវាទលើការងារស្នូល ឱ្យកាន់តែច្បាស់ និងល្អប្រសើរ។
ជាទីបញ្ចប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការធ្វើអភិបាលកិច្ច និងនិយ័តកម្មតាមសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕