(កោះកុង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ជញ្ជីងចល័តថ្លឹងរថយន្ដដឹកទំនិញ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ដ្រស្រុកស្រែអំបិល ខេត្តកោះកុង និងបានរកឃើញ២គ្រឿង ដឹកខ្សាច់ និងថ្ម លើសទម្ងន់កំណត់ដែលបង្កហានិភ័យដល់ផ្លូវជាតិលេខ៤៨ ក្នុងចំណោមរថយន្ដដែលបានថ្លឹងជាង២០គ្រឿង។
លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានគ្រប់គ្រងជញ្ជីងចល័ត និងអចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ថា លោកបានឃាត់រថយន្តធុនធំជាង២០គ្រឿងដឹកជញ្ជូនខ្សាច់ ថ្ម លើផ្លូវជាតិលេខ៤៨ ដោយសង្ស័យថា ផ្ទុកលើសទម្ងង់កំណត់បណ្តាលឲ្យឆាប់ខូចខាតផ្លូវដែលទើបស្ថាបនារួចរាល់។
ជាលទ្ធផល នៃការត្រួតពិនិត្យថ្លឹងទម្ងន់តាមលក្ខណៈបច្ចេកទេស គឺរកឃើញរថយន្ត២គ្រឿងប៉ុណ្ណោះដែលដឹកលើសទម្ងន់ ក្នុងចំណោមជាង២០គ្រឿងដែលឃាត់បាន។ បែបនេះក្តី តបតាមការណែនាំរបស់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុគ្រោះគ្រាន់តែធ្វើការអប់រំណែនាំពុំមានការផាកពិន័យនោះទេ និងអនុញ្ញាតបន្តដំណើរទៅមុខ។
ទន្ទឹមនោះ មន្ដ្រីជាន់ខ្ពស់ក្រសួងសាធារណការ ក៏អំពាវនាវដល់អាជីវករ និងម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ មេត្តាកុំដឹកទម្ងន់កំណត់ដែលច្បាប់ហាមឃាត់ ចៀសវាងរងការផាកពិន័យដែលនាំឲ្យខាតបង់ថវិកា និងពេលវេលាធ្វើអាជីវកម្មរបស់ខ្លួន។
នេះលើកដំបូងហើយ ក្រុមជំនាញរបស់ក្រសួងសាធារណ សហការជាមួយមន្ទីរសាធារណ និងដឹកជញ្ជូនខេត្តកោះកុង ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តបឹងឃុនឆាង និងកម្លាំងប្រដាប់អាវុធចុះប្រតិបត្តិការ ឃាត់រថយន្តធុនធ្ងន់ដឹកលើសទម្ងង់កំណត់លើកំណាត់ផ្លូវជាតិលេខ៤៨ ដែលទើបស្ថាបនាជិតរួចរាល់។
ជាក់ស្តែង ក្រសួងសាធារណការ បានតម្លើងស្ថានីយ៍ថ្លឹងរថយន្ត២កន្លែង ទី១ នៅស្ថានីយ៍ថ្លឹងរថយន្តនៅផ្លូវជាតិលេខ៤៨ ឃុំបឹងព្រាវ ស្រុកស្រែអំបិល និងទី២ នៅផ្លូវជាតិលេខ១០ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕