(ឧត្តរមានជ័យ)៖ លោក តាំង សុខឃី ព្រមទាំងលោកស្រី ទ្រី ចិន្តា ជាភរិយា និងជាស្ថាបនិកក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបមេន ព្រមទាំងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរួមរួមគ្នាដឹកនាំក្រុមការងារ ក្នុងនោះមានថ្នាក់ដឹកនាំក្រសួង និងសប្បុរសជនជាច្រើន ចុះសួរសុខទុក្ខបងប្អូនកងទ័ពដែលស្ថិតនៅតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ផ្នែកសឹករងបន្ទាយអំពិល ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ ក្នុងការការពារបូរណភាពដែនដី កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។
សមាសភាពសប្បុរសជន បានអញ្ជើញទៅចូលរួមដល់មូលដ្ឋានសមរភូមិមុខនោះរួមមាន លោកស្រី ញ៉ែម មរកត រដ្ឋលេខាក្រសួងកិច្ចការនារី, លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងយុវនិតិសម្បទា សិល្បករ-សិល្បការិនីមួយចំនួន អមជាមួយនឹងអ្នកចូលរួមជាសប្បុរសជនជាច្រើនទៀត បានចុះទៅសួរសុខទុក្ខដល់កងទាហានជួរមុខ ដែលស្ថិតនៅ ផ្នែកសឹករង បន្ទាយអំពិល។
លោក តាំង សុខឃី បានដឹកនាំជំនួយ និងថវិកាជាច្រើន យកទៅប្រគល់ជូនដោយរាប់បញ្ចូលទាំងជំនួយពីសប្បុរសជនទាំងអស់ គឺមានទាំងថវិកា សម្ភារៈ ត្រីងៀតត្រីឆ្អើរ សាច់ក្រក សាច់គោ ផ្ទាំងសុឡា និង ឧបករណ៍ជាប្រយោជន៍សម្រាប់ការរារាំងពីការឈ្លានពានពីសំណាក់សៀមជាដើម។ សកម្មភាពចុះសួរសុខទុក្ខកងទ័ពជួរមុខនៅពេលនេះ កំពុងផ្ទុះការសរសើរយ៉ាងខ្លាំង ដោយសារតែជាការរួមចំណែកធ្វើឲ្យអ្នកដែលជារបាំងជួយការពារព្រំដែនទាំងអស់ ដឹងថាបងប្អូនខ្មែរនៅជួរក្រោយ បើទោះជាមិនអាចកាន់អាវុធ តែក៏មានទឹកចិត្តឈឺឆ្អាលផងដែរ។
ក្នុងនោះក៏មានការសំណេះសំណាល និងការថតរូបអនុស្សាវរីយ៍ ពិសេសលោក តាំង សុខឃី តារាសិល្បៈ អ្នកនាង ស្វែង សុជាតា អ្នកស្រី រ៉េតរ៉ូស. លោក រុន ណាកូ អ្នកនាង យិន ស្រីពៅ និងកញ្ញា តាក់វ៉ាន់ គឺសុទ្ធតែបានបង្កភាពរាក់ទាក់ និងនិយាយលេងសើចសប្បាយរីករាយប្រកបដោយភាពជិតស្និទ្ធ ធ្វើឲ្យបងប្អូនជាកងទ័ពជួរមុខបំបាត់ទុក្ខអស់មួយពេល៕