(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចដោយជោគជ័យក្នុង ប្រទេសបារាំង។ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី បានព្យាយាមចង់រំខានដំណើរទស្សនកិច្ច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែទង្វើចង់បំផ្លាញមុខមាត់ និងកិត្តិយសជាតិ នៃប្រទេសកម្ពុជានោះ បានរងបរាជ័យ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖

ក្នុងពេលដែលពួកធ្វើនយោបាយជ្រុលនិយមប៉ុនប៉ងបំភ្លៃមុខមាត់កម្ពុជានៅលើឆាកពិភពលោក ភាពជាដៃគូកាន់តែស៊ីជម្រៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងបារាំង បានផ្តល់សារយ៉ាងច្បាស់លាស់ថា កិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងប្រទេសទាំងពីរ គឺជាម៉ែត្រវាស់ដ៏ត្រឹមត្រូវបំផុត ហើយវាមិនមែនវាស់តាមរយៈសំឡេងរំខាន នៃក្រុមធ្វើនយោបាយជ្រុលនិយមដែល តែងប្រឆាំងប្រយោជន៍នៃប្រទេសខ្លួនឯងនោះទេ។

ក្នុងជំនួបជាផ្លូវការមួយរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយប្រធានាធិបតីសាធារណរដ្ឋបារាំង ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង កាលពីល្ងាចថ្ងៃទី១០ ខែមិថុនា នៅទីក្រុងនីស នៃប្រទេសបារាំងនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានបញ្ជាក់សាជាថ្មីអំពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-បារាំង និងថែមទាំងបានកំណត់ដំណាក់កាលសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលអនាគតថែមទៀត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ មិនត្រឹមតែពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនុកចិត្តអន្តរជាតិទៅលើការដឹកនាំរបស់ប្រទេសកម្ពុជា ដែលបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថិរភាព សន្តិភាព និងសិទ្ធិមនុស្សតាមរយៈការចូលរួមជាក់ស្តែង។

កិច្ចពិភាក្សារបស់ថ្នាក់ដឹកនាំទាំង២ នៅបានបញ្ជាក់ឡើងវិញនូវការគោរពគ្នាទៅវិញទៅមក ជាមួយមិត្តភាពដ៏ជ្រាលជ្រៅ និងការប្តេជ្ញាពង្រឹងមិត្តភាពនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលនឹងក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រនិង ភាពប្តេជ្ញាចិត្តក្នុងទំនាក់ទំនងការទូតអន្តរជាតិ សម្រាប់រយៈពេលវែងទៅអនាគត។ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទាំងនេះហើយ គឺជាម៉ែត្រវាស់នូវជម្រៅដ៏ពិតប្រាកដនៃការជឿទុកចិត្តរវាងគ្នាទៅវិញទៅមក។

* ភាពជាដៃគូយុទ្ធសាស្ត្ររីកចម្រើន
កម្ពុជា និងបារាំង មានប្រវត្តិទំនាក់ទំនងរវាងគ្នាជាច្រើនរយឆ្នាំមកហើយ។ ទំនាក់ទំនងរវាងប្រទេសទាំង២ រួមមានប្រវត្តិសាស្ត្រនិងវប្បធម៌, ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទំនាក់ទំនងអប់រំនិងភាសា, ទំនាក់ទំនងសុខាភិបាលនិងបរិស្ថាន, ទំនាក់ទំនងយោធានិងសន្តិសុខ និងទំនាក់ទំនងក្នុងសហគមន៍អន្តរជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសជួបពិភាក្សាជាមួយនឹងប្រធានាធិបតីបារាំង បាន សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងបារាំង លើចំណុចទាំងឡាយនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ ក្នុងការរៀបចំឯកសារផែនទីបង្ហាញផ្លូវ (Roadmap) មួយ ដើម្បីឈានដល់ការលើកកម្រិតនៃទំនាក់ទំនងកម្ពុជា-បារាំង ជា «ដៃគូយុទ្ធសាស្ត្រ»។

ប្រធានាធិបតីបារាំង បានថ្លែងថា គេនឹងបញ្ជូនគណៈប្រតិភូដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បានសង្កត់ធ្ងន់ថា ពិភពលោកបានទទួលស្គាល់នូវជំនាញ និងស្នាដៃរបស់កម្ពុជា ក្នុងវិស័យបោសសម្អាតមីន។ លោកបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងបន្តគាំទ្រវិស័យការពារជាតិនៅកម្ពុជាថែមទៀត។

លោកប្រធានាធិបតីបារាំង បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី និងគូសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នឹងផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្នុងឆ្នាំ២០២៦ ឱ្យទទួលបានជោគជ័យ។

* អន្ទាក់នុយរបស់ក្រុមជ្រុលនិយម លែងមានត្រីស៊ីសន្ទូចទៀតហើយ
ការប្រកាសរបស់លោកប្រធានាធិបតី Macron ថា ប្រទេសបារាំងនឹងបញ្ជូនគណៈប្រតិភូពាណិជ្ជកម្មមកកម្ពុជា រួមជាមួយនឹងការសរសើរចំពោះការដឹកនាំរបស់កម្ពុជាក្នុងការបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការការពារជាតិ បានគូសបញ្ជាក់ពីការផ្លាស់ប្តូរយ៉ាងច្បាស់ពីកាយវិការជានិមិត្តរូប ទៅជាលទ្ធផលទ្វេភាគីដ៏មានអត្ថន័យ។ ការគាំទ្រយ៉ាងពេញទំហឹងរបស់បារាំង សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ កាន់តែមានអត្ថន័យបញ្ជាក់បន្ថែមនូវតួនាទីរបស់ព្រះរាជាណាចក្រនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនីពិភពលោក ដែលតភ្ជាប់អាស៊ីអាគ្នេយ៍និងពិភពលោក ដែលនិយាយភាសាបារាំងកាន់តែទូលំទូលាយ។

ចំណុចដ៏សំខាន់នោះ គឺជាផលវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដែលកំពុងមានការកើនឡើងយ៉ាងសំខាន់ ហើយក៏ជារបត់ជាដំណាក់កាលថ្មីក្នុងទំនាក់ទំនងទ្វេភាគី។ កិច្ចសហការយ៉ាងជិតស្និទ្ធនេះ ក៏ជាម៉ែត្រសំខាន់មួយក្នុងការវាស់ស្ទង់អំពីជម្រៅនៃផលប្រយោជន៍សេដ្ឋកិច្ច ការទូត និងសន្តិសុខរវាងប្រទេសទាំងពីរ។ ដូច្នេះ ទោះមានការញុះញង់ពីក្រុមជ្រុលនិយម ដែលបំភាន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស ឬមិនគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក៏ដោយ ក៏ការញុះញង់ដូចនោះ មិនមានឥទ្ធិពលលើការសម្រេចចិត្តរបស់រដ្ឋាភិបាលបារាំងឡើយ។

អន្ទាក់នុយរបស់ក្រុមជ្រុល និយមពេលនេះ លែងមានត្រីស៊ីសន្ទូចទៀតហើយ ជាពិសេសចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់បារាំង ដែលសម្លឹងមើលឃើញនូវលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលអាណ្ណត្តិទី៧បច្ចុប្បន្ន មិនមែនជឿទៅលើសម្តីញុះញង់ឥតប្រយោជន៍របស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី នោះទៀតឡើយ។ តាមពិតទៅ សម្តីឥតតម្លៃរបស់ សម រង្ស៊ី ក៏ធ្លាប់ជាកំណត់ត្រាមួយនៅក្នុងតុលាការបារាំង ដែលធ្លាប់រកឃើញនៅក្នុងខែតុលា ឆ្នាំ២០២២កន្លងមកផងដែរ។ សម រង្ស៊ី ពេលនោះត្រូវតុលាការបារាំង បានរកឃើញនូវកំហុសនិយាយមួលបង្កាច់បង្ខូចកិត្តិយស Defamation ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងក្តីក្តាំមួយ ដែលមេខ្លោងក្បត់ជាតិរួបនោះ ចោទថាការបាត់បង់ជីវិតរបស់អតីតអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ ហុក ឡងឌី បានជាប់ទាក់ទងនឹងសម្តេចតេជោ។ ប្រទេសបារាំង ត្រូវគេរាយការណ៍ថា ធ្លាប់បាន កត់ត្រានូវសម្តីឥតតម្លៃរបស់ សម រង្ស៊ី ចាប់តាំងពីពេលនោះមក។ ដូច្នេះ ការសម្តែងល្ខោននយោបាយរបស់សម រង្ស៊ី នៅចំពោះរដ្ឋាភិបាលបារាំងពេលនេះ ក៏លែងត្រូវបានគេជឿទៀតឡើយ ពីព្រោះសម្តីរបស់បុគ្គលនេះ អស់មានតម្លៃទៀតហើយ។

* កម្ពុជា ជាគំរូសន្តិភាពទំនើប
ពីប្រទេសដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាសន៍ ប្រទេសកម្ពុជានាពេលនេះ ត្រូវបានលេចចេញ ថាជាប្រទេសមួយដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់ពិភពលោក ជាពិសេសសកម្មភាពការដោះមីនមនុស្សធម៌ ដែលជំនាញរបស់កម្ពុជានេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនៃអាណ្ណត្តិទី៧របស់រដ្ឋសភានៃប្រទេសកម្ពុជានេះ មិនត្រឹមតែបន្តនូវមរតកនៃការកសាងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនបានទុកចោលការតស៊ូមតិរបស់ប្រជាជាតិមួយ ក្នុងការរួមសំឡេងជាមួយពិភពលោក ដើម្បីទាមទារការចង់បាននូវការគ្រប់គ្រងមហាសមុទ្រ ប្រកបដោយសមធម៌ និងប្រសិទ្ធភាព។

វត្តមានដ៏សកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រវាងថ្ងៃទី៩-១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងប្រទេសបារាំង ជាពិសេសក្នុងសន្និសីទអង្គការសហប្រជាជាតិលើកទី៣ ស្តីពីមហាសមុទ្រ បានឆ្លុះបញ្ចាំងនូវសមត្ថភាពដ៏អង់អាចរបស់កម្ពុជា ក្នុងតួនាទីជាអ្នកដឹកនាំការទូតអាកាសធាតុ និងបរិស្ថាន។

បច្ចុប្បន្ន កិច្ចសហការរវាងបារាំង និងកម្ពុជា បានគ្របដណ្តប់លើវិស័យជាច្រើនចាប់ពីវិស័យការពារជាតិ និងថាមពល រហូតដល់វិស័យវប្បធម៌ ការទូត អាកាសធាតុ និងវិស័យសំខាន់ៗនានាសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ នៅពេលដែលប្រទេសកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសបារាំងថែមទៀតនោះ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេមើលឃើញកាន់តែច្បាស់ឡើងថា ការរៀបចំទិវាវប្បធម៌ឆ្នាំក្រោយនោះ គឺជាស្ពានការទូតរវាងអាស៊ី និងពិភពលោកហ្វ្រង់កូហ្វូនី។

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានសរសេរលើបណ្តាញសង្គម បញ្ជាក់ការថ្លែងការ «អរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។» សម្តេចធិបតីបានថ្លែងថា សម្តេច «នឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ»។ ប្រធានាធិបតីបារាំង បានថ្លែងបញ្ជាក់ថា លោកនឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៦ ខាងមុខនេះជាមិនខាន។

នៅពេលដែលកម្ពុជា និងបារាំង បានប្តេជ្ញាបោះជំហានឆ្ពោះទៅការលើកកម្ពស់ទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ វាជាសក្ខីកម្មបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កាន់តែប្រកបដោយការស្ថាបនា និងមិនអាចបំបែកបាន ដោយសារតែវោហាអាក្រក់សំអុយជាតិខ្លួនឯង ដូចអ្វីដែលក្រុមជ្រុលនិយមតែងបានធ្វើនោះឡើយ។ ឆន្ទៈរបស់ប្រទេសបារាំង ដែលជាជើងឯកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ពេលនេះបានបង្ហាញការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា និងទទួលស្គាល់ការរួមចំណែករបស់បារាំង គឺជាចំណុចរបត់មួយក្នុងការទទួលស្គាល់ជាអន្តរជាតិអំពីវឌ្ឍនភាពរបស់កម្ពុជា។

សហគមន៍អន្តរជាតិ រួមទាំងប្រទេសបារាំង បានមើលឃើញទៀតថា ប្រទេសកម្ពុជា បច្ចុប្បន្នមិនមែនជាប្រទេសនៃប្រជាធិបតេយ្យដែលផុយស្រួយដូចពីមុនទៀតឡើយ។ ហេតុដូច្នេះហើយ បានជាសំឡេងចោទប្រកាន់របស់ក្រុមជ្រុលនិយម ដែលនិយាយចោទថារាជរដ្ឋាភិបាល កម្ពុជារំលោភសិទ្ធិមនុស្ស, ឬថារំលោភលទ្ធិប្រជាធិបតេយ្យឬចោទថាមិនគោរពតាមកិច្ចព្រម ព្រៀងក្រុងប៉ារីសនោះ បានក្លាយជាសំឡេងដែលគ្មានតម្លៃ, សំឡេងដែលគ្មានន័យនិងលែង មានការចាប់អារម្មណ៍ពីប្រទេសបារាំង និងប្រទេសដទៃទៀតហើយ៕