(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង អំពីការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center)។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ជាក់ថា រាល់ក្រុមហ៊ុនដែលមានបំណងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្ដល់សេវាកម្មមានជាអាទិ៍ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬអ៊ីម៉ែល ២-ការជួលទីតាំង និង/ឬម៉ាស៊ីនមេ ៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែលដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ៥-ការផ្ដល់សេវាបច្ចេកវិទ្យាក្លោដ រួមមាន សេវាហេដ្ឋារចនាសម្ព័ន្ធ (Infrastructure as a Service – IaaS) សេវាសម្រាប់ការអភិវឌ្ឍនិងដំណើរការសុសវែរ (Platform as a Service – PaaS) និងសេវាសម្រាប់ការប្រើប្រាស់សុសវែរ (Software as a Service – SaaS) ត្រូវស្នើសុំអាជ្ញាបណ្ណការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យពីក្រសួង។
កន្លងមក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តែងតែផ្សព្វផ្សាយជាប្រចាំដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការផ្ដល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យ ដោយពុំមានការអនុញ្ញាត និងមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្របតាមបទប្បញ្ញត្តិជាធរមាន។ យោងតាមមាត្រា៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានចែងថា «គ្មានបុគ្គលណាអាចបំពេញប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទេ លើកលែងតែបុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍»។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមអំពាវនាវសារជាថ្មីដល់លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាត ឬមានបំណងបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ សូមមកដាក់ពាក្យស្នើសុំការអនុញ្ញាតពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ចំពោះក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសណាដែលធ្វើប្រតិបត្តិការផ្ដល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធានការនានាស្របតាមបទប្បញ្ញត្តិជាធរមាន៕