(ឧត្តរមានជ័យ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ និងលោក មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅខេត្តឧត្ដរមានជ័យ។

ពិធីប្រកាសចូលកាន់មុខតំណែងនេះ បានធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្តរមានជ័យ ដោយមានវត្តមានចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ សរុបប្រមាណជិត១៨០នាក់។

លោករដ្ឋមន្ត្រី ហេង សួរ បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ដែលបានចូលរួមអនុវត្តតាមការណែនាំ និងការចាត់តាំងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធនានា សំដៅចូលរួមផ្តល់សេវានិងបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

លោករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ជូនមន្ត្រីអធិការការងារ មន្ត្រីនគរបាលយុត្តិធម៌ជាដើម ត្រូវបំពេញតួនាទីភារកិច្ចឱ្យបានត្រឹមត្រូវ ក្នុងការជួយដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ជូនដល់កម្មករនិយោជិត និងនិយោជក ពិសេសត្រូវពន្យល់ប្រាប់ដល់ភាគីមានវិវាទការងារថា ប្រសិនបើមិនសុខចិត្តនឹងការបង្គាប់របស់អធិការការងារទេ ភាគីវិវាទមានសិទ្ធិប្ដឹងជំទាស់ទៅកាន់តុលាការបាន។ មន្ត្រីអធិការការងារ មន្ត្រីនគរបាលយុត្តិធម៌ ត្រូវព្យាយាមដោះស្រាយឱ្យអស់ពីលទ្ធភាពក្នុងការបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ ឈានទៅរកការសះជាឱ្យបានត្រឹមត្រូវតាមច្បាប់។

លោករដ្ឋមន្ត្រី បានបន្តថា ចំពោះមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ ក្រៅពីបំពេញការងារក្នុងវិសាលភាពដែនសមត្ថកិច្ចរបស់ខ្លួនហើយ ក៏ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី កម្លាំងសមត្ថកិច្ច ដែលការងារសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ដើម្បីជួយសម្រួលចរាចរណ៍ និងការពារសុវត្ថិភាព ជូនកម្មករនិយោជិត ក្នុងពេលចេញនិងចូលធ្វើការ។

ជាងនេះទៅទៀត លោករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ត្រូវបន្តយកចិត្តទុកដាក់លើការធានាថា កម្មករនិយោជិតនៅខេត្តឧត្តរមានជ័យត្រូវមានបណ្ណ ប.ស.ស ទាំងអស់គ្នា ដើម្បីជួយឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍គ្រប់ៗគ្នា តាមរយៈប្រើប្រាស់បណ្ណ ប.ស.ស នេះ ខណៈពេលបច្ចុប្បន្នការប្រើប្រាស់បណ្ណ ប.ស.ស គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត មិនត្រឹមតែទទួលបានការថែទាំសុខភាពប៉ុណ្ណោះទេ តែក៏ទទួលបានរបបហានិភ័យការងារ និងរបបសោធនទៀតដែរ។

លោករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តឧត្តរមានជ័យត្រូវចូលរួមអនុវត្តឱ្យបានសកម្មភាព បន្ថែមលើការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក៏ដូចជា៖ «កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់» ពិសេសត្រូវស្រាវជ្រាវឱ្យដឹងថា តើនៅក្នុងខេត្ត ឬទីតាំងភូមិសាស្ត្រណាមួយ មានតម្រូវការលើការងារ ជំនាញអ្វីខ្លះ? នៅពេលបានព័ត៌មានទាំងនេះហើយ គឺត្រូវលើកយកទៅពិភាក្សាជាមួយវិទ្យាស្ថាន និងមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដើម្បីជួយឱ្យយុវជនអាចរៀនជំនាញណាមួយនោះ ឱ្យត្រូវនឹងតម្រូវការទីផ្សារការងារក្នុងតំបន់ភូមិសាស្ត្ររបស់ពួកគាត់ងាយស្រួល ក្នុងការទទួលបានការងារធ្វើដែលនៅជិតលំនៅដ្ឋាន។

សូមជម្រាបថា លោក ម៉ូតសុខ មេសា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្ដរមានជ័យ ជំនួសឯកឧត្តម ស៊ុន ហ៊ាយ ដែលត្រូវចូលនិវត្តន៍៕