(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្ដីជូនដំណឹង ស្ដីពី វឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិ ស្ដីពីបញ្ញាសិប្បនិម្មិត និងការបើកការពិគ្រោះយោបល់ជាសាធារណៈ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល បណ្តាក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មីគ្រប់វិស័យ គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកវិជ្ជាជីវៈឌីជីថល សិស្សនិស្សិត (ភាគីពាក់ព័ន្ធ)ទាំងអស់ និងសាធារណជន មេត្តាជ្រាបអំពីវឌ្ឍនភាពនៃការរៀបចំ «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» ដូចខាងក្រោម៖

បន្ទាប់ពីសិក្ខាសាលាពិនិត្យស៊ីជម្រៅនាថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២៥ ក្រុមការងាររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត និងបានផ្ញើសេចក្តីព្រាងដែលបានកែសម្រួល ជូនក្រសួង ស្ថាប័នពិនិត្យនិងផ្តល់យោបល់ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នជាទ្វេភាគីនិងពហុភាគីសរុបចំនួន ១០លើក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ជាលទ្ធផលក្រសួង ស្ថាប័នជាច្រើនបានលើកមតិគាំទ្រ និងផ្តល់មតិយោបល់ល្អៗលើសេចក្តីព្រាងនេះ។

ជាជំហានបន្ទាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល តំណាងវិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០២៥ ហើយនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២៥។

ដើម្បីប្រមូលធាតុចូលឱ្យបានកាន់តែទូលំទូលាយពីភាគីពាក់ព័ន្ធ សំដៅធ្វើឱ្យសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិតក្លាយទៅជាឯកសារថ្នាក់ជាតិដ៏ពេញលេញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមបើកការពិគ្រោះយោបល់លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

ដើម្បីចូលរួមផ្តល់យោបល់ សូមទាញយកសេចក្តីព្រាងយុទ្ធសាស្ត្រនេះ ឯកសារទស្សនាទាន និងតារាងផ្ដល់យោបល់តាមរយៈឃ្យូអរកូដទី១ ខាងក្រោម រួចបំពេញទម្រង់បែបបទអនឡាញ និងភ្ជាប់តារាងផ្ដល់យោបល់ដែលបានបំពេញរួចនិងឯកសារភ្ជាប់ផ្សេងទៀត ប្រសិនបើមាន តាមរយៈឃ្យូអរកូដទី២ខាងក្រោម ឱ្យបានមុនថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥៩នាទីយប់។

ក្រុមការងាររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពិនិត្យនិងបូកសរុបមតិយោបល់ទាំងអស់ ដើម្បីពិចារណាជ្រើសរើសជាធាតុចូលបន្ថែម សម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈអ៊ីមែល [email protected] ឬទូរសព្ទលេខ ០៩៦ ៦៥១ ៣០០៣៕