(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញប្រារព្ធខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៥ (២១ មិថុនា ២០០៧ - ២១ មិថុនា ២០២៥) នៅលើដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់អតីតយុទ្ធជននៅខេត្តកំពង់ធំក្នុងរយៈពេល១៨ឆ្នាំ កន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន​ មានជាអាទិ៍ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចំនួន៤៥២ខ្នងផ្ទះ ក្នុងនោះ សាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានា បានចំនួន២៤៦ ខ្នងផ្ទះ និងបានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ បានចំនួន២០៦ខ្នងផ្ទះ និងបានសម្បទានដីសង្គមកិច្ចជូនគាត់ចំនួនជាង២៧៦ ហិកតា។

លោកបន្តថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបានប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះជូនក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងមួយសពចំនួន ៤លានរៀល សម្រាប់ធ្វើបុណ្យសពបានទាន់ពេលវេលា នឹងបានសហការជាមួយ លោកប្រធានសាខាជំនួយមូលនិធិសង្គមខេត្តកំពង់ធំ បើកប្រាក់ធានារ៉ាប់រងសង្គម ជូនគ្រួសារសពបានជាច្រើនសព ព្រមជាមួយនោះ ក៏បាននាំយកស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងជួយដោះស្រាយដល់ក្រុមគ្រួសារអតីតយុទ្ធជននៅតាមមូលដ្ឋានផងដែរ។

លោក នួន ផារ័ត្ន បានអបអរសាទរចំពោះទិវាអតីតយុទ្ធជនខួបលើកទី១៨ ដែលបានប្រារព្ធធ្វើនៅ ឆ្នាំ២០២៥ និង​ជារៀង​រាល់​ឆ្នាំ​កន្លង​មក​ គឺជាការដឹងគុណដល់វីរភាពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាដោយមានគុណបំណាច់របស់បងប្អូនពូមីងជាវីរៈអតីតយុទ្ធជន ទើបយើងមានអ្វីៗនៅថ្ងៃនេះ។

លោកសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គទេសឯក នៃនយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាពនិងការឯកភាពជាតិ ពេញលេញ និងបានគោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់អុំ​ ពូ មីង ជាវីរៈអតីតយុទ្ធជនទាំងការផ្ដល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះសម្បែង និងការដោះស្រាយជីវភាពលំបាកខ្វះខាតផ្សេងៗ តាមរយៈប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាពេលកន្លងទៅ។

ក្នុងឱកាសអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា​ ឆ្នាំ​២០២៥ បងប្អូនអតីតយុទ្ធជនចំនួន២០៦ គ្រួសារ ដែលកំពុងរស់នៅលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ចបានទទួលស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផងដែរ៕