(ព្រះវិហារ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងចែកជូនកងវរសេនាតូចអន្តរាគមន៍ លេខ៣៩៥ និងកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ ដើម្បីចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំងដែលឈរជើងនៅសមរភូមិមុខ ស្ថិតក្នុងសភាពការណ៍តានតឹងផ្នែកយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ចំពោះមុខអង្គពិធី លោក មាស សុខសេនសាន បានលើកឡើងថា ជានិច្ចកាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនកងទ័ព និងកងនគរបាលជាតិការពារព្រំដែននៅតំបន់មុំបីនេះ ដោយតែងតែនាំយកនូវអំណោយជាស្បៀងអាហារ ថ្នាំសង្កូវ គ្រឿងបរិក្ខារ និងសម្ភារប្រើប្រាស់ផ្សេងៗ មកឧបត្ថម្ភជូនបងប្អូនកងកម្លាំងទាំងពីរអង្គភាពជាទៀងទាត់ នៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចតាមរយៈលោកអគ្គលេខាធិការ បានដឹកនាំប្រតិភូចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ក្រសួងសេដ្ឋកិច្ច មកផ្តល់ជូនបងប្អូនដូចសព្វមួយដង ដោយឡែកការចុះសួរសុខទុក្ខលើកនេះ គឺជាលើកទី៣៤ ហើយ។ បើតាមប្រសាសន៍របស់លោក មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។
បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានគូសរំលេចពីគោលជំហរដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណោះស្រាយព្រំដែនរវាងកម្ពុជា-ថៃ ដោយសម្រេចជ្រើសយកផ្លូវសន្តិវិធី និងដំណោះស្រាយតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងការរក្សាសិទ្ធិក្នុងការប្រើកម្លាំងដើម្បីការពារអធិបតេយ្យភាព និងអាណាចក្រដែនដីដ៏ត្រឹមត្រូវរបស់ប្រទេសយើង ករណីបើមានការបំពានបូរណភាពទឹកដី ពីសំណាក់ប្រទេសជិតខាងណាមួយ។
ជាមួយគ្នានេះដែរ លោក មាស សុខសេនសាន ក៏បានថ្លែងលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងអាជ្ញាធរស្រុកនៅជាប់ព្រំដែន ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដើម្បីជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ក៏ត្រូវបន្តប្រកាន់ខ្ជាប់គោលការណ៍មិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំង នឹងប្រទេសជិតខាង ដើម្បីឆ្លើយតបនឹងបរិស្ថានគ្របដណ្តប់ សម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, លោក មាស សុខសេនសាន បានថ្លែងនូវការកោតសរសើរ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូននាយទាហាន នាយនគរបាល ពលទាហាន និងពលនគរបាលទាំងអស់ ដែលឈរជើងនៅសមរភូមិមុខតំបន់មុំបីនេះ ព្រមទាំងនាំយកនូវអំណោយជាថវិកាក្នុងម្នាក់ៗចំនួន៥០,០០០រៀល, អង្គភាពនីមួយៗចំនួន ២,០០០,០០០រៀល រួមជាមួយគ្រឿងបរិក្ខារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវមួយចំនួនផងដែរ សរុបជាថវិកាប្រមាណ ២៣៥លានរៀល៕