(រតនគិរី)៖ ដោយមានការចង្អុលបង្ហាញពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជំរុញឲ្យរដ្ឋបាលស្រុកបរកែវ កែលម្អសោភ័ណ្ឌភាព ដើម្បីលើកកម្ពស់ ភាពស៊ីវិល័យ និងការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។
ជាក់ស្តែងរូបភាពជាច្រើនសន្លឹកស្លាកគណបក្សប្រជាជនកម្ពុជា និងបង្គោលដំឡើងសូឡាជាច្រើន ក្នុងទីប្រជុំជនទីរួមស្រុកបរកែវ, ដងផ្លូវជាតិលេខ៧៨, ផ្លូវលេខ៣៧៨៩(ពីរង្វង់មូលត្បូងទៅស្រុកអណ្តូងមាស) និងផ្លូវលេខ៣៧៦៦ ពីកែងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ឆ្ពោះទៅឃុំសេដាស្រុកលំផាត់។
លោក កង សារឿន អភិបាលស្រុកបរកែវ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា រដ្ឋបាលស្រុកបានបន្តអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីរៀបចំលើកស្លាកគណបក្សប្រជាជន និងដំឡើងបង្គោលភ្លើងសូឡាតាមផ្លូវសាធារណៈក្នុងមូលដ្ឋាន និងការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជនគ្រប់មជ្ឈដ្ឋាន។
លោកបន្តថា សមិទ្ធផលទាំងអស់ខាងលើសម្រេចគឺដោយសារមានការចូលរួមពីសមាជិក សមាជិកាគណបក្សស្រុក,គណបក្សឃុំ ចំណុះរដ្ឋបាលស្រុក និងសប្បុរសជនក្នុងស្រុក ក្រៅស្រុកចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។ ក្នុងនោះ មានការឧបត្ថម្ភពីលោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ចំនួន៤លានរៀល និងសប្បុរសជនដទៃទៀត។
ក្នុងនាមប្រធានគណបក្សស្រុកបរកែវ, លោកនឹងខិតខំកៀរគរសមាជិក សមាជិកាបក្ស ព្រមទាំងសប្បុរសជននានាបន្តទៀត ដើម្បីលើកស្លាកគណបក្សប្រជាជនកម្ពុជា និងដំឡើងបង្គោលសូឡា ដល់គ្រប់ភូមិក្នុងភូមិសាស្ត្រស្រុកបរកែវទាំងអស់ និងសូមសប្បុរសជនបន្តជួយរដ្ឋបាលស្រុកបរកែវបន្ថែមទៀត៕