(បាត់ដំបង)៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង (RPITSB) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅបរិវេណវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

លោក សុខ គុណ នាយករងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានឱ្យដឹងថា៖ «វិទ្យាស្ថានយើងខ្ញុំត្រៀមរួចរាល់ហើយក្នុងការសហការគ្នា រៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមិថុនានេះ ដែលនឹងមានការអញ្ជើញជាអធិបតីពីសំណាក់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការ ក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនស.ស.យ.ក. យុវជនកាយឫទ្ធិ សរុបប្រមាណ ៧ ៦២៥ នាក់»

លោកបានបន្តថា ឱកាស TVET Day លើកទី៨នេះ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នឹងរៀបចំការតាំងបង្ហាញស្នាដៃរបស់សិស្ស និស្សិតមួយចំនួនដូចជា៖ ស្នាដៃជំនាញកែច្នៃបន្លែផ្លែឈើ ស្នាដៃជំនាញតបណ្ដាញអគ្គិសនីក្នុងអគារ ស្នាដៃជំនាញសរសេរកូដ ឬ Graphic Design និងគ្រឿងបម្លាស់រថយន្តជាដើម។

លោកនាយករងវិទ្យាស្ថាន NVIB បានបង្ហាញការយល់ឃើញថា TVET Day ជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។ ម្យ៉ាងទៀត TVET Day ក៏ជាឱកាសបង្ហាញដល់យុវជនដែលមិនទាន់ចាប់យកជំនាញឱ្យមានមូលដ្ឋានច្រើន និងកាន់តែច្រើនក្នុងការសម្រេចចិត្តជ្រើសរើសការសិក្សាជំនាញណាមួយ ដែលពួកគេគិតថាជាទុនកសាងជីវភាពទៅថ្ងៃអនាគត។

បន្ថែមពីនេះ លោក សុខ គុណ ក៏បានអំពាវនាវដល់សិស្សានុសិស្ស និស្សិត យុវជន ប្រជាពលរដ្ឋទូទៅ សូមចូលរួមក្នុងកម្មវិធី TVET Day នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ឱ្យបានច្រើនកុះករ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៥៧ ភូមិអណ្ដូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខាងលិចរង្វង់មូលនាង រំសាយសក់ ១៥០០ម៉ែត្រ (ផ្លូវទៅភ្នំសំពៅ)៕