(បៃលិន)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃពុធ​ ទី១១​ ខែមិថុនា​ ឆ្នាំ២០២៥ បានចាត់លោកស្រី​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីលោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខាខេត្តបាត់ដំបង​ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេល ​ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន​ ដា​ អាយុ​ ២៤​ឆ្នាំ​ មានមុខរបរស៊ីឈ្នួល​បើកត្រាក់ទ័រ​ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមើរ ក្នុងភូមិដីស្អិត​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ កាលពីថ្ងៃ១០​ ខែមិថុនា​ ឆ្នាំ២០២៥​ វេលាម៉ោង​ ១៣៖៤០​ នាទី​ថ្ងៃត្រង់។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយអ្នកស្រី​ ជន​ ស្រីនិត​ និងក្រុមគ្រួសារសពក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកស្រី ពុំ​ ចន្ទីនី​ បានមានប្រសាសន៍ថា ការមកចូលរួមបុណ្យសពនៅពេលនេះ គឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាម ហើយស្របជាមួយនិងក្រុមការងារកំពុងបំពេញបេសកម្មនៅខេត្តបាត់ដំបងស្រាប់ផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកស្រី​ មកចូលរួមបុណ្យផ្ទាល់ ដោយនាំយកថវិកាចំនួន​ ៥​លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ព្រមជាមួយលោកស្រី ពុំ ចន្ទីនី បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយអ្នកស្រី​ ជន​ ស្រីនិត​ ភរិយា​និងក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី​ ឪពុក​ សមាជិកគ្រួសារជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព​ និងការរស់នៅប្រចាំថ្ងៃ​ ដ៏សោកសង្រេង និងខ្លោចផ្សាជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព​ លោកយ៉ាន់​ ដា​ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះសូមអ្នកស្រី​ ជន​ ស្រីនិត​ ភរិយានៃសព​ ដែលកំពុងពពោះត្រូវដល់ថ្ងៃសម្រាល និងមានកូនស្រីអាយុ៣ខួប​ផងនោះ សូមថែទាំសុខភាព​ និងពង្រឹងស្មារតី​កម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួលបន្ទុកមេីលថែនិងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមសម្រាប់ពួកគាត់ទាំងពីរ​តទៅមុខ​ទៀត​។

​ទន្ទឹមភរិយានៃសពបានគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា​ ៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន​ និងសូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕