(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៍តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស និងអាជីវករសរុបប្រមាណ ២៥០នាក់ ក្នុងនោះមានសមាជិកពេញសិទ្ធិបោះឆ្នោតចំនួន ៩៣រូប ។

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖
១៖ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)
២៖ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)
៣៖ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប ( ស្ត្រី២រូប ) រួចមកអង្គសន្និបាតបានដំណើរការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដោយជាលទ្ធផលសំឡេងគាំទ្រ ៩១ ឲសំឡេងលើ ៩៣សំឡេង។

អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកដំបូង និងបានសម្រេចឯកភាពគ្នាជាឯកឆន្ទជ្រើសរើសលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦, នុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា, លោក យ៉ូវ សេងគុណ អនុប្រធានគណៈកម្មាធិការសាខា, លោក សុវណ្ណ វិទិត្យា ជាហេរញ្ញិកគណៈកម្មាធិការសាខា, លោក មាស ដារ៉ា ជាលេខាធិការ គណៈកម្មាធិការសាខា និងសមាជិកចំនួន ១០ រូបទៀត។

ក្នុងឱកាសសន្និបាតនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថា៖ សំឡេងឆ្នោតគាំទ្រ ជាសក្ខីកម្ម នៃការប្រគល់ជូន នូវភារកិច្ចជាជំនួយការជូនអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបងចាប់ពីថ្ងៃនេះតទៅ។
ដូច្នេះដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង អង្គសន្និបាតសាខាបន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ តាមរយៈការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣រួមមាន៖ ទី១ ការផ្ដល់អំណោយធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ក្នុងឧបត្ថម្ភផ្ទាល់នានា សម្រាប់ទ្រទ្រង់ សុខមាលភាពប្រជាជន និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ, ទី២ ការលើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា និងជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ជាដើម ដែលជាបញ្ហាសុខភាពសាធារណ:កំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្នតាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជាបរិភោគផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។ល។

ក្នុងនោះរួមទាំងការលើកកម្ពស់សុខភាព មាតា ទារក កុមារនិងមនុស្សពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរមនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សាការពារសុខសន្តិភាព ដែលក្នុងនោះទាមទារឱ្យមានការចូលរួមពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ចាប់តាំងពី ភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិរហូតដល់ ថ្នាក់ជាតិ។

តាងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី ៦ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមដែរអង្គសន្និបាតដែលបានបោះឆ្នោតគាំទ្រ និងផ្តល់នូវទំនុកចិត្តនេះ លោក សុខ លូ បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ខិតខំបំពេញបេសកម្មមនុស្សធម៌លើវិស័យអាទិភាពទាំង៤ ស្របតាមគោលដៅយុទ្ធសាស្ត្រ២០២១-២០៣០របស់កាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា, ពង្រឹងនិងពង្រីកបណ្តាញអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលបានបណ្តុះបណ្តាល, បំផុសផ្សព្វផ្សាយគោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ, ខិតខំដឹកនាំ និងមានទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រត្តិបត្តិសាខា និងអនុសាខា ទូទាំងខេត្ត បំផុសចលនាកៀរគររកមូលនិធិពីគ្រប់មជ្ឈដ្ឋាន ដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌ឱ្យបានល្អប្រសើរចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា សន្និបាទសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អាណត្តិទី៦ (២០២៥-២០៣០)នេះ រៀបចំឡើងដោយយោងតាមលក្ខន្តិកៈ កាកបាទក្រហមកម្ពុជា ជំពូកទី៥ មាត្រា២៤ស្តីពី សាខារាជធានី-ខេត្ត និងវិធាននៃនីតិក្រម វិធានទី៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា២៤ កថាខណ្ឌទី៣៕