(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំ​នៅប្រទេសចិនភាគខាងត្បូង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដែលដឹកនាំដោយលោកបណ្ឌិត Harley Seyedin ជាប្រធានសម្ព័ន្ធ First Washington Group, ប្រធានក្រុមហ៊ុន Allelon Energy Partners និងជាប្រធាន​សភាពាណិជ្ជកម្មអាម៉េរិកប្រចាំ​នៅប្រទេសចិនភាគខាងត្បូង លោកក៏ធ្លាប់ទទួលបានទាំងពានរង្វាន់ Oslo Business for Peace និងមេដាយសន្តិភាពតាមរយៈពាណិជ្ជកម្ម ផ្តល់ដោយគណៈកម្មាធិការផ្តល់រង្វាន់ណូបែលផ្នែកសន្តិភាព និងសេដ្ឋកិច្ច។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមការស្នើសុំរបស់ប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំ នៅប្រទេសចិនភាគខាងត្បូង ដែលបានមើលឃើញអំពីឱកាស និងសក្ដានុពលវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មរបស់ប្រតិភូនាឱកាសនេះ និងបានជម្រាបជូនអំពីទិសដៅការងាររបស់ ក.អ.ក. លើការគ្រប់គ្រង​ការវិនិយោគ​ឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ហើយបច្ចុប្បន្នបាននិងកំពុងបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីបច្ចុប្បន្នភាពសំខាន់ៗ និងមូលដ្ឋានព័ត៌មានពិតអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំហររបស់រដ្ឋាភិបាល​លើការគាំទ្រ​ភាពរីកចម្រើន​របស់វិស័យឯកជន ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្លាំងពលកម្មវ័យក្មេង និងមានច្បាប់វិនិយោគសម្រួលដល់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

បន្ទាប់ពីបានស្តាប់ប្រសាសន៍​យ៉ាងក្បោះក្បាយរបស់លោកឧបនាយករដ្ឋមន្ត្រី លោកបណ្ឌិតប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការរក្សាថែទាំ និងផ្ដល់​ទំនុកចិត្ត​ដល់វិនិយោគិន។ ជាមួយគ្នានេះលោកបណ្ឌិត ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលា​ដ៏មមាញឹកផ្តល់ឱកាស​ឱ្យប្រតិភូ​ចូលជួប​សម្តែងការគួរសម និងផ្ដល់​អនុសាសន៍​ណែនាំបន្ថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា៕