(បាត់ដំបង)៖ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង និងមានការឯកភាពពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា, លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្តបាត់ដំបង និងសាខា ក.ប.ប ខេត្តបាត់ដំបង ចុះបង្ក្រាបករណីរថយន្តដឹកត្រីក្លាសេនាំចូលពីប្រទេសថៃ នៅចំនុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិតនៅឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ការចុះបង្ក្រាបនេះសមត្ថកិច្ចឃាត់បានវត្ថុតាងរួមមាន៖ រថយន្តសាំងយ៉ុង ១គ្រឿង ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0970 រថយន្តម៉ាកសាំងយ៉ុង ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-3079 រថយន្តម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-9942 រថយន្តម៉ាកកាំម៉ារីស្តាំ ពាក់ស្លាកលេខ ភ្នំពេញ 2A-9965។ សរុបត្រីប្រាចំនួន 10តោន 55គីឡូក្រាម ពោះត្រីប្រា 150គីឡូក្រាម ពងត្រីកាប 500គីឡូក្រាម ត្រីឆ្តោរចំនួន 50គីឡូក្រាម។
សូមបញ្ជាក់ថា រថយន្តទាំង៤ខាងលើជារបស់អាជីវករឈ្មោះលី មុត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ បានប្រើប្រាស់លិខិតអនុញ្ញាតរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឱ្យឈ្មោះ នាង សុវណ្ណារី ភេទស្រី អាយុ៤៤ឆ្នាំ ដែលបានអនុញ្ញាតឱ្យនាំចូលផលិតផលជលផលដូចជា ត្រីទីឡាព្យា ត្រីពោ និងត្រីកាប ពីប្រទេសថៃ ប៉ុន្តែ អាជីវករបានលួចលាក់ដឹកជញ្ជូនត្រី ខុសយថាប្រភេទ ខុសពីលិខិតដែលបានអនុញ្ញាតឱ្យនាំចូល។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានបញ្ជូនវត្ថុតាង ទៅខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង ដើម្បីបន្តរនីតិវិធី៕