(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជូនយោបល់ទៅកាន់រដ្ឋាភិបាលកម្ពុជា ជម្រុញឱ្យបិទការផ្សាយភាពយន្តថៃ និងការនាំទំនិញរបស់ថៃ មកកាន់កម្ពុជា ដើម្បីជាការឆ្លើយតបការព្រមានរបស់ថៃក្នុងការបិទអ៉ិនធើណិត និងផ្ដាច់អគ្គិសនី មកកម្ពុជានាពេលថ្មីៗនេះ។ នេះបើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេច នារាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។
តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖
កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អុីនធើណែត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៉ិនធើណែតអី បើកម្ពុជាមានអុីនធើណែតប្រើគ្រប់គ្រាន់ហើយនោះ។
ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៉ិនធើណែត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ។
កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕
In the past, Thai extremist groups, supported by pro-war military factions, have threatened Cambodia with power and internet cutoffs. But what power are they referring to when Cambodia doesn't even rely on Thai electricity? And what internet, when Cambodia already has sufficient access?
I have consistently urged that military tensions in one area should not spill over into others or into different sectors. However, it is now clear that the issue has already escalated—examples include unilateral border closures, reduced length of stay for visitors, and threats to cut electricity and internet access, as well as unauthorized incursions at certain border checkpoints driven by arbitrary decisions.
Given this trend of extremism, I would like to suggest to the Royal Government that, in addition to filing a complaint with the International Court of Justice (ICJ), Cambodia should also consider suspending the broadcast of Thai films on all Cambodian television channels. The country may also consider halting the import of Thai goods altogether.
Cambodia should not fear the repatriation of Cambodian migrant workers from Thailand. This is a hardship for both countries—Thailand itself would also suffer, as Thai companies are facing labor shortages, which have already negatively impacted the Thai economy to some extent. All these points are for consideration, but the immediate action should be to stop broadcasting Thai films on Cambodian television.