(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករផ្តល់សេវាទូរគមនាគន៍នៅកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រចំពោះការសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ និងចាត់ទុកការសម្រេចនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតអនាគតឌីជីថលឯករាជ្យ និងរឹងមាំសម្រាប់ប្រទេសជាតិ។

តាមរយៈសេក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុននេះបានបញ្ជាក់ថា «ក្នុងការគាំទ្រដល់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងកិច្ចផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតឯករាជ្យភាពឌីជីថលពេញលេញ យើងនឹងធ្វើការប្តូរទិសដៅ IP transit អន្តរជាតិចម្បងរបស់កម្ពុជា ដែលជាជំហានសំខាន់មួយ ក្នុងការបង្កើតអនាគតឌីជីថល ឯករាជ្យ និងរឹងមាំសម្រាប់ប្រទេសជាតិ។

ក្នុងដំណើរការនៃការផ្លាស់ប្តូរទៅប្រើបណ្តាញ IP Transit ថ្មី ដែលមានសុវត្ថិភាព និងឯករាជ្យភាពជាតិកាន់តែខ្ពស់ អតិថិជនអាចនឹងជួបប្រទះ នូវការថយចុះសមត្ថភាព និងល្បឿននៃសេវាអ៊ីនធឺណិត ជាបណ្តោះអាសន្ន នៅលើបណ្តាសេវា Mobile Internet, Smart @Home និង Fiber+ ដោយសារតែការផ្លាស់ប្តូរទិសដៅនៃការបញ្ជូនទិន្នន័យ តាមច្រកអន្តរជាតិផ្សេងទៀត។

Smart Axiata សូមអភ័យទោស ចំពោះការរអាក់រអួលនេះ និងសូមអរគុណចំពោះការអត់ធ្មត់ និងការយោគយល់ របស់លោកអ្នកក្នុងដំណាក់កាលដ៏សំខាន់នេះ។ ក្រុមការងារបច្ចេកទេសរបស់យើង កំពុងធ្វើការយ៉ាង ហ្មត់ចត់ដើម្បីស្ដារសេវាកម្ម និងល្បឿនអ៊ីនធឺណិតឱ្យមានស្ថិរភាពឡើងវិញ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។

ការគាំទ្ររបស់អតិថិជនគ្រប់រូប គឺមានអត្ថន័យយ៉ាងសំខាន់ ក្នុងដំណើរផ្លាស់ប្តូរជាប្រវត្តិសាស្ត្រនេះ។ យើងកំពុងរួមចំណែកក្នុងការជំរុញកម្ពុជា ឱ្យកាន់តែរឹងមាំ មានឯករាជ្យភាព និងមានភាពធន់ខ្ពស់។ សូមអរគុណចំពោះការរួម និងគាំទ្រលើគោលជំហររួមសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា»៕