(ភ្នំពេញ)៖ ក្រុមហ៊ុន Metfone ដែលជាប្រតិបត្តិករផ្តល់សេវាទូរគមនាគន៍នៅកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រចំពោះការសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ និងចាត់ទុកការសម្រេចនេះ គឺជាជំហានដ៏សំខាន់មួយ ក្នុងការបង្កើតអនាគតឌីជីថលឯករាជ្យ និងរឹងមាំសម្រាប់ប្រទេសជាតិ។

តាមរយៈសេក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុននេះបានបញ្ជាក់ថា៖

ជូនចំពោះអតិថិជនជាទីគោរព! ក្នុងស្មារតីគាំទ្រ ដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតឯករាជ្យភាពឌីជីថលពេញលេញ មិត្តហ្វូន បាន បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាបាននូវប្រតិបត្តិការបណ្តាញប្រកបដោយស្ថេរភាព គ្រប់កាលៈទេសៈទាំងអស់។

ចាប់ពីម៉ោង ១២៖០០ ព្រឹក ថ្ងៃទី១៣ ខែមិថុនា មិត្តហ្វូនបានដំណើរការបណ្តាញបញ្ជូនជំនួសដោយមាន សមត្ថភាពបម្រុងទុកសរុបរហូតដល់ ១.១ Tbps ។ សូមអរគុណចំពោះវិធានការសកម្មទាំងនេះ សេវាកម្មទាំងអស់ រួមទាំងសម្លេង អ៊ុនធឺណិត ទិន្នន័យចល័ត និងវេទិកាឌីជីថល គឺបានបន្តដំណើរការ យ៉ាងរលូន និងអាចទុកចិត្តបាន ដោយបំពេញរាល់តម្រូវការទំនាក់ទំនងរបស់បុគ្គល អាជីវកម្ម និង អង្គការនានាទូទាំងប្រទេស។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿជាក់ និងការគាំទ្ររបស់អ្នក។ រួមគ្នាដើម្បី ជាតិ និងប្រជាជនកម្ពុជា៕