(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋថៃដែលកំពុងបម្រើការងារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំគ្នាសម្រុកចាកចេញពីតំបន់ដែលខ្លួនកំពុងរស់នៅ ដើម្បីវិលត្រឡប់ចូលទៅប្រទេសថៃវិញ ក្រោយស្ថានភាពនៅតំបន់ព្រំដែនកាន់តែមានភាពតានតឹងរវាងកម្ពុជា-ថៃ។
ជាមួយនឹងការសម្រុកចេញពីកម្ពុជារបស់ប្រជាពលរដ្ឋថៃ នៅពេលនេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចរបស់កម្ពុជា ដែលប្រចាំការនៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតផងដែរ។
យ៉ាងណាមិញ តុល្យការចុងក្រោយនៃចំនួនប្រជាពលរដ្ឋថៃ ដែលសម្រុកចេញពីកម្ពុជា មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ។
សូមជម្រាបថា ស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ហាក់កើនកម្ដៅឡើងវិញ បន្ទាប់ពីកម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតប តាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥៕