(សៀមរាប)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ បានរៀបចំសិក្ខាសាលាស្តីពី «របៀបស្រាវជ្រាវទិន្នន័យសិប្បកម្មប្រពៃណីនៅតំបន់អង្គរ» ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្រ្តីដល់មន្រ្តី និងបុគ្គលិក ក្នុងចំណុះនាយកដ្ឋាន។
លោកស្រី អ៊ុំ ម៉ារ៉ាឌី អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ថ្លែងក្នុងពិធីបើកថា សិក្ខាសាលានេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និងទី១៣ ខែមិថុនា ដែលរៀបចំនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។
លោកស្រីបានបន្ថែមថា សិក្ខាសាលានេះធ្វើឡើងក្នុងបំណងចែករំលែកចំណេះដឹង ពីការថែរក្សាការលើកតម្លៃអភិរក្សសិប្បកម្មប្រពៃណីខ្មែរ ដែលជាបេតិកភណ្ឌរបស់អ្នកស្រុកអង្គរ ដល់សិក្ខាកាមចូលរួមទាំងអស់ ដែលកំពុងបំពេញការងារទាក់ទងនឹងការស្រាវជ្រាវ ចងក្រងឯកសារមរតកអរូបី ជាពិសេសគឺសិប្បកម្មប្រពៃណីក្នុងតំបន់អង្គរ ដូចជាសិប្បកម្មតម្បាញកន្ទេល ចម្លាក់ និងរបរធ្វើកំបោរជាដើម។ល៕