(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការឃាត់ខ្លួន ជនជាតិបារាំងម្នាក់ ឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) នៅច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់។ នេះបើតាមសេចក្តីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដោយបានលើកឡើងថា មានការចាប់ជម្រិត ឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនបារាំង លេខ 17FV26387 និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ លេខ ០១០៤៨៧៥៧៩ (០១)។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបំភ្លឺដូចខាងក្រោម៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ជាង ធីយ៉ាង (CHENG CHI GIAN) ភេទប្រុស កើតថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៦៣ ជនជាតិបារាំង កាន់លិខិតឆ្លងដែនបារាំងលេខ 17FV26387 និងអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរលេខ ០១០៤៨៧៥៧៩ (០១) ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីច្បាប់។
អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការគូសបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលខាងលើនេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៦០៨ «ឈ» ដ.ច.ន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ របស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពុំមែនជាករណីចាប់ជម្រិតដូចការលើកឡើងនៅលើបណ្តាញសង្គម នោះឡើយ៕