(កោះកុង)៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកុំឲ្យមានការប្រមាថពីក្រុមជ្រុលនិយមភាគីថៃ ដែលគំរាមម្ដងហើយម្ដងទៀត ដើម្បីកាត់ផ្ដាច់ប្រព័ន្ធ Internet, មន្ដ្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកោះកុង បានចុះទៅកាត់ខ្សែ Internet របស់ថៃដោយខ្លួនឯងតែម្ដង មិនរង់ចាំឲ្យភាគីថៃផ្ដាច់នោះទេ នៅច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម។ នេះបើតាមលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News។

ក្រៅពីច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ដែលត្រូវបានកម្ពុជាកាត់ផ្ដាច់ខ្សែបញ្ជូន Internet ពីប្រទេសថៃ គឺមាននៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតមួយទៀត ដែលបានកាត់ផ្ដាច់តាំងពីយប់រំលងអធ្រាត្រមកម្ល៉េះ ក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ដ្រី។

បើទោះបីខ្សែ Internet របស់ថៃត្រូវបានកាត់ផ្ដាច់ក៏ដោយ ប៉ុន្ដែមិនបានជះឥទ្ធិពល និងប៉ះពាល់ដល់អ្នកប្រើប្រាស់របស់កម្ពុជាឡើយ ពោលនៅពេលនេះមន្ដ្រីជំនាញកំពុងបង្វែរការប្រើប្រាស់ Internet មួយផ្នែករបស់ថៃ មកប្រើប្រាស់ប្រព័ន្ធនៅក្នុងស្រុកវិញ៕