(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាលេខ០១ បប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ របស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០២៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តរៀបចំធ្វើតេស្តទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម ដោយមានអ្នកចូលរួម៥៥០នាក់ និងទទួល​បានលទ្ធផលអវិជ្ជមានទាំងអស់។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់កាប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួង។

សូមបញ្ជាក់ថា រដ្ឋមន្ត្រី ឌិត ទីណា យកចិត្តទុកដាក់ខ្ពស់ជំរុញការធ្វើតេស្តរក សារធាតុញៀនជាបន្តបន្ទាប់ដូចភ្លៀង រលឹមដើម្បីធានាថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្ងាយពីគ្រឿងញៀន ស្របតាមអភិក្រម «សម្អាតចកចេញពីផ្ទៃបឹង» និង «រក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ» ដើម្បីចូលរួមកសាងសង្គមកម្ពុជា​ដែលគ្មានគ្រឿងញៀន៕