(ពោធិ៍សាត់)៖ អគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលា ស្តីពី «ការរៀបចំបណ្តុំសហគ្រាសធុនតូច និងមធ្យម ដើម្បីតភ្ជាប់ឧស្សាហកម្មប្រតិគមន៍ សម្រាប់កសាងភាពធន់ និងការប្រគួតប្រជែង» ក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយបានការចូលរួមពី គណៈប្រតិភូ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, មន្ត្រីមន្ទីរឧស្សាហកម្មខេត្តកំពង់ឆ្នាំង-បាត់ដំបង-បន្ទាយមានជ័យ-ប៉ៃលិន-ពោធិ៍សាត់ និងលោក លោកស្រី ជាម្ចាស់សហគ្រាស និងសិប្បកម្មក្នុងខេត្តពោធិ៍សាត់ សរុបប្រមាណ១២០នាក់។

លោក ឆែ វណ្ណសូដា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត បានឱ្យដឹងថា ក្នុងខេត្តពោធិ៍សាត់ មានរោងចក្រធុនធំ ចំនួន១៤មូលដ្ឋាន ក្នុងនោះរួមមាន៖ រោងចក្រកាត់ដេរសំលៀកបំពាក់ ចំនួន០៤មូលដ្ឋាន, រោងចក្រផ្តុំតម្លើងត្រង់ស្វូរ សម្ភារៈអគ្គីសនី និងផលិតTransformer និងផ្តុំតម្លើង Switchboard ចំនួន០៥មូលដ្ឋាន, រោងចក្រផ្តុំ និងតម្លើងរថយន្ត ចំនួន០១មូលដ្ឋាន, រោងចក្រផលិតម្សៅដំឡូងមី ចំនួន០២មូលដ្ឋាន, រោងចក្រផលិតខ្ញីជ្រក់ ចំនួន០១មូលដ្ឋាន និងរោងចក្រផលិតគ្រឿងបង្គុំរថយន្ត ចំនួន០១មូលដ្ឋាន។ លោកប្រធានមន្ទីរបន្តថា ចំពោះវិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម (SME) នៅទូទាំងខេត្ត មានសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីជាផ្លូវការ គិតត្រឹមខែឧសភា ឆ្នាំ២០២៥ សរុបចំនួន៣២៨មូលដ្ឋាន ដែលមានសហគ្រិនជាស្ត្រី ចំនួន៧១នាក់ និងពលកម្ម ចំនួន១,៦៣៣នាក់ (ស្ត្រី៤៥២នាក់)។ ម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្ម មកស្នើសុំទទួលសេវាសាធារណៈ សម្រាប់ការចុះបញ្ជី ការស្នើសុំប្រកាស បង្កើត ការស្នើសុំវិញ្ញាបនបត្រដំណើរការ និងបន្តដំណើរការ នៅយន្តការច្រកចេញចូលតែមួយ។

លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បី៖

ទី១៖ ជំរុញការទទួលបាននូវព័ត៌មាន (Access to Information) រួមមានការយល់ដឹងអំពីគោលនយោបាយ និងយុទ្ធសាស្រ្តគាំទ្ររបស់រាជរដ្ឋាភិបាល។
ទី២៖ ផ្សព្វផ្សាយកិច្ចប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចូលរួមរៀបចំ ថ្នាលចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន CamDx វេបផតថល www.registrationservices.gov.kh និងប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល តាមច្រកចេញចូលតែមួយរបស់ក្រសួង(ឧវបន) ដែលភ្ជាប់ជាមួយនឹងថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDx មានវេបផតថល http://services.misti.kh.gov
ទី៣៖ ពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ជាមួយនឹងចំណេះដឹងសំខាន់ៗ និងការអនុវត្តល្អៗប្រកបដោយនិរន្តរភាព និងការប្រកួតប្រជែងជាសកល តាមរយៈការចុះបញ្ជីសហគ្រាសជាផ្លូវការ ការអនុលោមតាមស្តង់ដារ និងការជ្រៀតចូលទីផ្សារ
ទី៤៖ ជំរុញការសហការ និងបង្កើតបណ្តាញទំនាក់ទំនងរវាង MSME ជាមួយរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រដល់កំណើន និងការប្រកួតប្រជែង
ទី៥៖ ចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការគាំទ្រដល់វិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដើម្បីភាពរីកចម្រើន របស់សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា។

លោក ងួន ប៉ោសេង និងលោកបណ្ឌិត ហេង សុខគង់ បានថ្លែងស្រដៀងៗគ្នាថា វិស័យឧស្សាហកម្មបានចូលរួមចំណែកអនុវត្តន៍ឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញលើកទឹកចិត្តវិនិយោគ ក្នុងវិស័យឧស្សាហកម្មថ្មីៗទំនើប ដែលមានតម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិតរស់រវើក និងមានសមត្ថភាពប្រកួតប្រជែង ពិសេសឧស្សាហកម្មផ្តុំដំឡើង ឧស្សាហកម្មអេឡិចត្រូនិច ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកម្មន្តសាលផ្សេងទៀត គួបផ្សំនឹងការបន្តជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រួមទាំងសិប្បកម្មផងដែរ។

ថ្នាក់ដឹកនាំទាំង២បន្តថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានប្រមាណ៩៨% នៃសេដ្ឋកិច្ចទាំងអស់ ដែលបានផ្ដល់ការងារប្រមាណ៧០% នៃកម្លាំងពលកម្មសរុប ហើយផលិតផលក្នុងស្រុកសរុប៥៨% បានរួមចំណែកដើរតួជាឆ្អឹងខ្នងដ៏សំខាន់មួយ នៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ។ បច្ចុប្បន្ននេះសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាននឹងកំពុងប្រើប្រាស់សក្ដានុពល ធនធានពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងទទួលយកការប្រែប្រួលនៃបច្ចេកវិទ្យាថ្មីៗផងដែរ ក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គម។

ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ក្នុងអង្គសិក្ខាសាលា ស្តីពី «ការរៀបចំបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដើម្បីតភ្ជាប់ឧស្សាហកម្មប្រតិគមន៍ សម្រាប់កសាងភាពធន់ និងការប្រកួតប្រជែង» នាពេលនេះ លោក ងួន ប៉ោសេង អភិបាលរងខេត្ត និងលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ សូមឱ្យលោក លោកស្រី ដែលជាម្ចាស់សហគ្រាសធុនតូច មធ្យម និងសិប្បកម្មទាំងអស់ ដែលមានវត្តមាននាពេលនេះ សូមយកចិត្តទុកដាក់ស្តាប់ នូវការធ្វើបទបង្ហាញ របស់ក្រុមការងារ ដែលបទបង្ហាញទី១ ស្តីពី «អ្វីទៅឧស្សាហកម្មអនុគមន៍ ឧស្សាហកម្មប្រតិគមន៍ និងCluster ស្រូវអង្ករ ឧស្សាហកម្ម និងSMEs ផ្សេងៗក្នុងខេត្តពោធិ៍សាត់» និងបទបង្ហាញទី២ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយលើកកម្ពស់ គុណភាព ផលិតភាពសហគ្រាស ធុនតូច និងមធ្យម»