(បាត់ដំបង)៖ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្តរបស់ថៃ ចំនួន៣ រួមមាន ខេត្តស្រះកែវ, ច័ន្ទបុរី និងខេត្តត្រាត ដែលមានច្រកទ្វារអន្ដរជាតិចំនួន២ និងច្រកទ្វារតំបន់ចំនួន៣។

លោកបានបន្ដថា ច្រកទ្វារព្រំដែនអន្តរជាតិទាំង២ និងច្រកទ្វារព្រំដែនតំបន់ទាំង៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានដំណើរការឲ្យមនុស្សចេញចូលធម្មតា មិនមានអ្វីប្រែប្រួលទេ ដោយគ្រាន់តែកំណត់ពេលវេលាចេញចូលឡើងវិញ គឺចាប់ពីម៉ោង៩៖០០នាទី រហូតដល់ម៉ោង៤៖០០នាទីរសៀល។ លើកលែងតែ ច្រកទ្វារអន្ដរជាតិដូងប៉ុណ្ណោះ ដែលបិទមិនឲ្យទំនិញចេញចូល។

សូមជម្រាបថា កាល​ពីមុននេះច្រកទ្វារព្រំដែនអន្តរជាតិ អនុវត្តចាប់ពីម៉ោង ៦៖០០នាទីព្រឹក រហូតដល់ម៉ោង១០៖០០នាទីយប់ និងច្រកទ្វារតំបន់ព្រំដែនពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ម៉ោង៦៖០០នាទីល្ងាច។ ជាគោលការណ៍រួម នៃភាគីទាំងពីរ (កម្ពុជា -ថៃ) ដែលបានអនុវត្តកន្លងមកមុនសភាពការណ៍ប៉ះទង្គេចគ្នានៅតំបន់មុំបី។

សម្រាប់ច្រកទ្វារព្រំដែនក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង មានទល់ជាមួយភាគីថៃរួមមាន៖

* ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ហៅគីឡូលេខ១៣ ក្នុងស្រុកសំពៅលូន ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានខៅឌិន ស្រុកខ្លងហាត ខេត្តត្រាត
* ច្រកទ្វារព្រំដែនអន្ដរជាតិដូង ស្រុកកំរៀង ទល់នឹងច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី
* ច្រកទ្វារព្រំដែនតំបន់អូររំដួល ស្រុកភ្នំព្រឹក ទល់នឹងច្រកទ្វារព្រំដែនបានសាត់តារី ស្រុកសយដាវ ខេត្តច័ន្ទបុរី
* ច្រកទ្វារតំបន់ព្រំដែនសួនស៊ុំ ហៅអូរអន្លក់ ស្រុកកំរៀង ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានសួនស៊ុំ ស្រុកសយដាវ ខេត្តច័ន្ទបុរី
* ច្រកទ្វារតំបន់ព្រំដែនបួនរយ ស្រុកសំឡូត ទល់នឹងច្រកទ្វារតំបន់ព្រំដែនបានម៉ាក់មួង ស្រុកបររ៉ៃ ខេត្តត្រាត៕