(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​បន្តផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជាយក្រុង ដែលកន្លងមកជួបបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់ ​និងត្រូវចំណាយថវិកាច្រើន ​ទិញទឹកតាមរថយន្តដឹកលក់ ខណៈប្រជាពលរដ្ឋជាង ២០០ខ្នងផ្ទះនៅភូមិឃ្លះសណ្តាយ ​នឹងទទួលបានទឹកស្អាតគ្រប់ខ្នងផ្ទះក្នុងពេលឆាប់ៗនេះ។

ក្នុងពិធីប្រជុំផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត ជូនប្រជាពលរដ្ឋរស់នៅភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ​លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​មានប្រសាសន៍ថា ការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅតាមតំបន់ជាយក្រុង គឺជាតួនាទីរបស់រដ្ឋាករទឹក ដើម្បីរួមចំណែកដោះស្រាយបញ្ហាកង្វះទឹកស្អាតរបស់ប្រជាពលរដ្ឋ ខណៈនៅថ្ងៃនេះ រដ្ឋាករទឹកទទួលបានពាក្យស្នើសុំភ្ជាប់បណ្តាញទឹកស្អាតចំនួនជាង ២០០ខ្នងផ្ទះ របស់ប្រជាពលរដ្ឋនៅភូមិឃ្លះសណ្តាយ ហើយរដ្ឋាករទឹក នឹងសម្រុកធ្វើការងារក្នុងមួយសប្តាហ៍នេះ ឱ្យបានលឿន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់នេះឆាប់ទទួលបានទឹកស្អាតប្រើប្រាស់ទាំងអស់គ្នា។

ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានផែនការពង្រីកការផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៅតាមសង្កាត់ដែលស្ថិតនៅជាយរាជធានីភ្នំពេញបន្ថែមទៀត​ផងដែរ ដោយបច្ចុប្បន្ននេះ ​នៅតំបន់ជាយក្រុង​ ​នៅតែ៣សង្កាត់ប៉ុណ្ណោះ ដែលមិនទាន់បានផ្គត់ផ្គង់ពេញលេញគឺ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោ។

លោកឡុង ណារ៉ូ បន្ថែមថា ​បច្ចុប្បន្ននេះ រោងចក្រ​ផលិតទឹកស្អាតនៅរាជធានីភ្នំពេញមានចំនួន៦រោងចក្រ និងមានសមត្ថភាពផលិតទឹកស្អាតប្រមាណ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់ក្នុងមួយថ្ងៃប្រមាណជាង៨សែនម៉ែត្រ​គូប ​ ​​ទៅដល់អតិថិជនជាង៥៣ម៉ឺនខ្នងផ្ទះ ខណៈទៅដល់ឆ្នាំ២០២៣០ នឹងជំរុញការផ្គត់ផ្គង់ឱ្យបាន៧០ម៉ឺនអតិថិជន ដែលត្រូវការទឹកស្អាត ១លាន៥សែនម៉ែត្រគូប ក្នុងមួយថ្ងៃ។

​លោក ម៉ម សារិន ចៅសង្កាត់ពងទឹក បានឱ្យដឹងថា នៅសង្កាត់ពងទឹក មានភូមិសរុបចំនួន១០ និងមានប្រជាពលរដ្ឋចំនួន ២ ៧៥៥គ្រួសារ។ លោកបានថ្លែងអំណរគុណដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងសង្កាត់នេះ ខណៈកន្លងមកសង្កាត់នេះ មានភូមិចំនួន៨ហើយដែលទទួលបានទឹកស្អាតប្រើប្រាស់។ ​

លោកបន្តថា ដោយសារគ្មានទឹកស្អាតប្រើប្រាស់ប្រជាពលរដ្ឋនៅភូមិឃ្លះសណ្តាយនេះ បានទិញទឹកពីអ្នកដឹកតាមឡាន ក្នុងមួយធុង ៣ម៉ឺនរៀល ទៅ៣៥០០០រៀល​ ដែលជាការចំណាយយ៉ាងច្រើន។

ក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋចូលរួមបានសម្ដែងនូវសេចក្ដីត្រេកអរដែលទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាយូរឆ្នាំមកហើយពួកគាត់មិនដែលមានទឹកស្អាតប្រើប្រាស់ឡើយ  ដោយប្រើប្រាស់តែទឹកអណ្តូង ទឹកស្រះ និងទិញទឹករថយន្តឯកជនប្រើប្រាស់  ក្នុងតម្លៃថ្លៃ និងមិនមានអនាម័យទៀតផង។

អ៊ំស្រីមួយរូបដែលបានចូលរួមប្រជុំនាថ្ងៃនេះ បាន​លើកឡើងថា ពីមុន ផ្ទះរបស់គាត់ ប្រើប្រាស់ទឹកទិញតាមរថយន្តដឹកលក់ ក្នុង១ខែអស់ ២ ឡាន ស្មើនឹង ៦ ម៉ែត្រគូប ( ៣ ម៉ែត្រគូប/ឡាន) ចំណាយថវិកាអស់ ៦ម៉ឺនរៀល។ ​លោកស្រីយល់ថា បន្ទាប់ពីបានប្រើប្រាស់ទឹកស្អាតពីរដ្ឋាករទឹក ​លោកស្រីនឹងអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ ​

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន សំដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រមទាំងក្រុមការងារ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ​ចិត្ត ក្នុងការដាក់បំពង់ចែកចាយទឹក និងតបណ្តាញទឹកស្អាត ចូលដល់ភូមិរបស់ពួកគាត់​៕