(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមន្ទីរគណបក្សខេត្ត។
ពិធីនេះមានការចូលរួមពីសំណាក់ លោក យូសិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី-ខេត្ត, លោក ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្ត ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះជួយខេត្ត ព្រមទាំងសមាជិកសមាជិកាអញ្ជេីញមកពី៩ ក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ សរុប១,៧៦៤នាក់។
បន្ទាប់ពីបានស្តាប់នូវសុន្ទរកថាស្វាមគន៍ និងរបាយការណ៍ដោយលោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ រួចមកលោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ។
លោកក៏បានរំលេចផងដែរ នូវកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលបានបន្តការដឹកនាំ នាវាកម្ពុជា រក្សាបាននូវសុខសន្តិភាព ឆ្ពោះទៅកាន់ការអភិវឌ្ឍ ភាពសម្បូសប្បាយ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់ជនរួមជាតិទាំងអស់គ្នា ឲ្យបន្តជឿជាក់លេីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាព និងការពារបូរណភាពដែនដី ដោយមិនឲ្យបាត់បង់សម្បីតែមួយមីល្លីម៉ែត្រ។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ប្រជាជនទាំងអស់គ្នា គឺកម្លាំងមួយដ៏កក់ក្ដៅពោលពេញទៅដោយថាមពលរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដែលជាខឿនការពារជាតិមាតុភូមិ។
សូមជម្រាបថា ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិកសមាជិកាគណបក្សក្នុងខេត្តកំពង់ស្ពឺ បានប្រព្រឹត្តទៅពោរពេញដោយភាតរភាព សប្បាយរីករាយប្រកបដោយស្នាមញញឹមដ៏កក់ក្ដៅ និងស្និទ្ធស្នាលបំផុត៕