(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច ដែលជាគណបក្សក្រៅរាជរដ្ឋាភិបាលនៅ​កម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការចាត់វិធានការរបស់​រាជ​រដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងសកម្មភាពឈ្លាន និងគំរាមកំហែង​ពីសំណាក់​ប្រទេសថៃ។

គណបក្សហ៊្វុនស៊ិនប៉ិច ចាត់ទុកវិធានការរបស់រាជរដ្ឋាភិបាល គឺជាការរក្សា​ភាព​ថ្លៃថ្នូរ និងការពារអធិបតេយ្យជាតិ ប្រកបដោយភាពរឹងមាំ និងសមហេតុផល។

តាមរយៈញត្តិគាំទ្រនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ គណបក្សហ៊្វុនស៊ិនប៉ិច មានការជឿជាក់ខ្ពស់លើសមត្ថភាព និងភាពឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយស្មារតីអត់ធ្មត់ ភាពរឹងប៉ឹង ក្លាហាន ដើម្បីការពារអធិបតេយ្យភាព ភាពថ្លៃថ្នូរ និងផលប្រយោជន៍ជាតិ។

គណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការ ចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងឯកភាពជាតិ ជាធ្លុងមួយ៕