(ភ្នំពេញ)៖ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ាវលីន ថូដូរ៉ូវ (Pavlin Todorov) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្គារីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយប្រទេសវៀតណាម ក្នុងឱកាសដែលលោកឯកអគ្គរដ្ឋទូត បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សភាពាណិជ្ជកម្មកម្ពុជា នារាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងជំនួបសម្ដែងការគួរសមនេះ កិច្ចពិភាក្សានេះ បានផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងធុរកិច្ចនិងវិនិយោគរវាងប្រទេសទាំងពីរ ដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើប្រទេសប៊ុលហ្គារី ជួយជំរុញទេសចរណ៍ និងរៀបចំឲ្យមានទស្សនកិច្ចធុរកិច្ចរបស់វិនិយោគិនប៊ុលហ្គារីមកកាន់កម្ពុជា។
លោកឯកអគ្គរដ្ឋទូត ប៉ាវលីន ថូដូរ៉ូវ បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរបានចុះហត្ថលេខានៅឆ្នាំ២០១៩ ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប៊ុលហ្គារី របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្គារីប្រចាំកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីនៅមានកម្រិតទាបនៅឡើយ ហើយប្រទេសទាំងពីរគួរ ពង្រីកកិច្ចសហប្រតិបត្តិការទាំងពាណិជ្ជកម្ម និង វិនិយោគ។ លោកក៏បានស្នើឲ្យមានការចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មនៃប្រទសទាំងពីរ ដើម្បីជំរុញពាណិជ្ជកម្ម និងផ្លាស់ប្តូរព័ត៌មានកាលានុវត្តភាពទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែលក្ខណៈទ្វេភាគីទេ គឺពង្រឹកដល់ពហុភាគីក្នុងតំបន់អាស៊ាន និង តំបន់ផ្សេងទៀត។
ជាការឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់ថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយគ្នាយូរអង្វែងមកហើយ។ អ្នកឧកញ៉ាប្រធាន យល់ស្របនឹងលោកឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ដែលនៅមានកម្រិតនៅឡើយបើប្រៀបធៀបនឹងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ហើយសភាពាណិជ្ជកម្មកម្ពុជា នឹងពិភាក្សាលម្អិតជាមួយសភាពាណិជ្ជកម្មប៊ុលហ្គារី ដើម្បីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងជំរុញទំនាក់ទំនងធុរកិច្ចប្រទេសទាំងពីរ។
ក្រៅពីនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានស្នើលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប៊ុលហ្គារីប្រចាំកម្ពុជា ជួយជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ និងសហការរៀបចំជំនួបពាណិជ្ជកម្មរួមគ្នា ជាពិសេសរៀបចំឲ្យមានទស្សនកិច្ចធុរកិច្ចរបស់វិនិយោគិនប៊ុលហ្គារីមកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាប្រធាន ស្នើលោកឯកអគ្គរដ្ឋទូត ជំរុញរដ្ឋាភិបាលប៊ុលហ្គារី បើកស្ថានទូតនៅកម្ពុជា ដែលពិតជានឹងជួយជំរុញ និង ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕