(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ឈាង រ៉ា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក Kim Yung-Rok អភិបាលខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់ខ្លួន ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកាន់តែជិតស្និទជាមួយកម្ពុជា ពិសេសលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល ជាមួយខេត្ដ Jeollanam-do របស់ខ្លួន។
លោកអភិបាលខេត្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េ ក៏បានសម្តែងនូវការអរគុណជូនចំពោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានចូលជួបសម្តែងការគួរសមក្នុងឱកាសដ៏មមាញឹក។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអភិបាលខេត្ត និងប្រតិភូ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់សាធារណរដ្ឋកូរ៉េ ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលការណ៍នេះស្របទៅនឹងគោលដៅចុងក្រោយរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជនកម្ពុជា។
លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត អំពីសុឆន្ទៈពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងប្តេជ្ញាគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ដែលសាធារណៈកូរ៉េ បាន និងកំពុងគាំទ្រតាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើឱ្យប្រសើរឡើងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសយើងទាំងពីរ។
ពិសេសលើតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនូវគុណភាពនៃការផ្តល់សេវាសុខភាពសំដៅលើកកម្ពស់ សុខុមាលភាពប្រជាជន និងគុណភាពសេវាសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការឈានឆ្ពោះទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកល ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សូមជម្រាបថា ភាគីទាំងពីរបានជួបពិភាក្សាលើកាលានុវត្ត នៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍធនធានមនុស្សសុខាភិបាល ការផ្លាស់ប្តូរនិស្សិត និងទស្សនៈកិច្ចសិក្សា ការស្ម័គ្រចិត្តផ្តល់សេវាព្យាបាលឥតគិតថ្លៃជូនប្រជាជនកម្ពុជាក្នុងសហគមន៍ និងលទ្ធភាពក្នុងការបង្កើតមន្ទីរពេទ្យក្នុងតំបន់នាពេលអនាគត។ ជំនួបខាងលើនេះ ក៏ការមានអមដោយលោកឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងគណៈប្រតិភូសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមវេជ្ជសាស្រ្ត Jeollanam-do នៃសាធារណរដ្ឋកូរ៉េផងដែរ៕