(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក ឡោះ ម៉ាន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងដីឡូតិ៍ភូមិមរតក បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិចំនួន១០១បណ្ណ ជូនអតិថិជនគម្រោងដីឡូតិ៍ ភូមិមរតក សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលក្រុងស្វាយរៀង ព្រមទាំងប្រជាពលដែលអញ្ជើញមកទទួលប័ណ្ណកម្មសិទ្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បាននាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលប័ណ្ណកម្មសិទ្ធនៅថ្ងៃនេះ។ ក្នុងនាមរដ្ឋបាលខេត្ត បានថ្លែងអំណរគុណប្រជាពលរដ្ឋទាំងអស់ដែលជាប់ពាក់ព័ន្ធ​ និងគម្រោងដីឡូតិ៍ភូមិមរតក ហើយបានផ្តល់ការសហការផ្តល់ព័ត៌មានទាំងឯកសារ​ និងសំណុំរឿងជុំវិញករណីនេះមកដល់អាជ្ញាធរ ដើម្បីជាយានឈានទៅដល់ការដោះស្រាយជូនទៅតាមលទ្ធភាពជាក់ស្តែង។

លោកបានបញ្ជាក់ថា បញ្ហាដែលបានកើតឡើងចំពោះប្រជាពលរដ្ឋជុំវិញករណីដីឡូតិ៍ភូមិមរតកនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានទុកចោលនោះឡេីយ គឺតែងតែគិតគូយកចិត្តទុកដាក់ដោះស្រាយតាមសាច់រឿងនីមួយៗ ទាំងផ្នែកទិដ្ឋភាពច្បាប់ និងការសម្រួលក្រៅប្រព័ន្ធតុលាការជាមួយក្រុមហ៊ុន ជូនដល់ប្រជាពលរដ្ឋ។

ជាក់ស្តែងថ្នាក់ដឹកនាំក្រសួងដែនដី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធតែងតែរកគ្រប់វិធីក្នុងដោះស្រាយបញ្ហាដែលកើតមានកន្លងមក ហើយទទួលលទ្ធផលល្អជាជំហ៊ានៗ ដូចដែលបានឃេីញរៀបចំចែកប័ណ្ណកម្មសិទ្ធស្របច្បាប់ចំនួន១០១ប័ណ្ណ ជូននៅថ្ងៃនេះ ហើយនិងបន្តធ្វើជាជំហានបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕