(ឧត្តរមានជ័យ)៖ ​ជនសង្ស័យ​ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ធ្វើការចាប់ខ្លួននៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បន្ទាប់ពីជនសង្ស័យរូបនេះ បានគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចជាច្រើនលើក។​

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ម៉ាត់ កភ្លី ហៅ (លី) អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ។

លោកអធិការស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកបានដឹកនាំកម្លាំងជំនាញផែនប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់អន្លូង និងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងប្រាសាទ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានចុះបង្ក្រាបមុខសញ្ញា ជួញដូររក្សាទុកសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះជនសង្ស័យខាងលើ ស្ថិតក្នុងភូមិ-ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅក្នុងប្រតិបត្តិការនេះ​ជនសង្ស័យ​បានរត់គេចខ្លួន។

ជាលទ្ធផលសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៦កញ្ចប់ធំ, កាំភ្លើងចំនួន២ដើម ប្រភេទសេកាសេ មានគ្រាប់ចំនួន៩គ្រាប់ និងកាំភ្លើងជ័រកែច្នៃគ្មានគ្រាប់, រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួន១គ្រឿង។

ជនសង្សយ័រូបនេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ ហើយជនសង្ស័យរូបនេះ ជាមុខសញ្ញាដែលសមត្ថកិច្ចតាមចាប់ខ្លួនរាប់ឆ្នាំ តែចាប់មិនបាន។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញនាំយកមកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទ និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តបន្តទៅតាមច្បាប់៕