(ព្រះវិហារ)៖ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងបរិភោគឧបភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងជួរមុខការពារព្រំដែន ក្នុងខេត្តព្រះវិហារ។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា, សមាជិក សមាជិកា ព្រឹទ្ធសភា, ទីប្រឹក្សា, ថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាជាច្រើននាក់។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីតាំងចំនួនពីរ ដាច់ដោយឡែកពីគ្នា គឺទី១៖ នៅកងពលតូចអន្តរាគមន៍លេខ៨ និងទី២៖ នៅទីបញ្ជាការដ្ឋាន កងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុច បូររិទ្ធ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបណ្តយព្រំប្រទល់កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ត្រៀមប្រយុទ្ធការពារបូរណភាពដែនដីនៃមាតុភូមិកម្ពុជា និងបានគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចទាំងពីរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសសុខទុក្ខរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដោយចាត់ទុកជាសុខទុក្ខផ្ទាល់របស់សម្តេច ព្រមទាំងបានសម្តែងនូវគារវកិច្ចកោតសរសើរ និងគោរពចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជន ដែលបានធ្វើពលីកម្មទាំងកម្លាំងកាយ កម្លាំងចិត្ត និងអាយុជីវិតដើម្បីប្រទេសជាតិ។

ជាមួយគ្នានេះ លោកអនុប្រធានទី១ ព្រឹទ្ធសភា បានរំឭកពីពាក្យពេចន៍ពីរឃ្លាដ៏ពិសិដ្ឋ និងមានអត្ថន័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេចតេជោ ដែលត្រូវបានចារទុកក្នុងទឹកចិត្តរបស់អ្នកស្នេហារជាតិគ្រប់ៗរូប ដែលមានខ្លឹមសារ «សន្តិភាពត្រូវបានការពារ ដូចជាអាយុជីវិតរបស់យើង ហើយដែនដីត្រូវបានការពារ ដូចជាដួងព្រលឹងរបស់យើង»។

លោកបានបន្ថែមថា «សន្តិភាព» មិនមែនជាអំណោយនោះទេ តែជាសមិទ្ធផលដែលទទួលបានដោយលំបាក តាមរយៈការបូជាទាំងកម្លាំងកាយ ចិត្ត និងការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ដោយមានការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិរីកចម្រើន រហូតមកដល់ពេលបច្ចុប្បន្ន។

ដូចនេះ «ការការពារសន្តិភាព» ជាកាតព្វកិច្ចដែលប្រជាពលរដ្ឋខ្មែរគ្រប់ៗ រួមសាមគ្គីឯកភាជាធ្លុងមួយការពារ ទោះក្នុងតម្លៃណាក៏ដោយ ដោយផ្សាភ្ជាប់នឹង «ការការពារដែនដី ដូចជាដួងព្រលឹងរបស់យើង» ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន នៃអត្ថិភាពអត្តសញ្ញាណជាតិសាសន៍ វប្បធម៌ ប្រពៃណី កម្មសិទ្ធិ របស់ជាតិនីមួយៗ។ កុំយល់ច្រឡំឲ្យសោះថា បំណងប្រាថ្នារបស់កម្ពុជា ចង់បានសន្តិភាព មិនមែនមានន័យថា កម្ពុជាលះបង់សិទ្ធិអធិបតេយ្យ ក្នុងការការពារទឹកដីមាតុភូមិរបស់ខ្លួននោះទេ។

លោកសង្កតធ្ងន់ថា យុទ្ធជន យុទ្ធនារីដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែននេះ មិនមែនគ្រាន់តែជាយោធាប៉ុណ្ណោះទេ តែជានិមិត្តរូបនៃឯកភាពជាតិ សេចក្តីថ្លៃថ្នូរ និងការប្តេជ្ញាចិត្តរបស់ប្រជាពលរដ្ឋស្នេហាជាតិទាំងអស់ នៅទូទាំងប្រទេស និងជាខែលការពារជាតិមាតុ ភូមិ ការពារព្រលឹងជាតិខ្មែរ, ជាខែលការពារសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេចក្តីសុខសាន្តរបស់ប្រទេសជាតិ។

បើតាមលោកអនុប្រធានទី១ ព្រឹទ្ធសភា, កម្ពុជា ជាប្រជាជាតិមួយដែលស្រឡាញ់សន្តិភាព ចង់រួមរស់ដោយសន្តិសហវិជ្ជមាន និងពង្រីងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តប្រទេសទាំងអស់ នៅក្នុងពិភពលោកលើមូលដ្ឋាន នៃការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមក។ ការណ៍នេះមែនជាឧត្តមគតិអរូបីទេ ប៉ុន្តែជាផ្លែផ្កានៃមេរៀនដ៏ឈឺចាប់ នៃប្រវត្តិសាស្ត្រ ដែលកម្ពុជាធ្លាប់បានឆ្លងកាត់អស់រយៈពេលជាងពីទសវត្សរ៍ នៅក្នុងភ្នក់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍។ កម្ពុជាយល់ច្បាស់ណាស់អំពីគុណតម្លៃសន្តិភាព។ ក្រោមការដឹកនាំដ៏ភ្លឺស្វាង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ និងប្រកបដោយថាមពលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជា នឹងបន្តស្វែងរកដំណោះស្រាយទំនាស់ ដោយសន្តិវិធីឈរលើមូលដ្ឋានរដ្ឋធម្មនុញ្ញជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

តាងនាម សម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានសម្តែងជាថ្មីម្តងទៀតនូវការគោរព និងកោតសរសើរដ៏ជ្រាលជ្រៅ ចំពោះវីរភាពអង់អាចក្លាហានរបស់វីរយុទ្ធជន នៃកងកម្លាំងប្រដាប់អាវុធទាំងអស់ និងបាននាំយកនូវអំណោយ និងវិភាគទានមួយចំនួនរបស់សម្តេចទាំងពីរ ជាមួយនឹងការចូលរួមវិភាគទានពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា ទីប្រឹក្សា ថ្នាក់ដឹកនាំ និងមន្ដ្រីខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនដល់កងពលតូចអន្តរាគមន៍លេខ៨ និងកងអង្គរក្សការពារព្រំដែនតំបន់មុំបី នៃខេត្តព្រះវិហារ។

ជាចុងបញ្ចប់នៃពិធីសំណេះសំណាល អនុប្រធានទី១ព្រឹទ្ធសភា បានជូនពរ និងបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ដែលនៅរក្សាការពាប្រាសាទព្រះវិហារ សូមជួយថែរក្សាវីរយុទ្ធជនទាំងអស់ នៅគ្រប់សមភូមិ និងសូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច វាយកម្ទេចពួកឈ្លានពាន ដែលបង្កការរំខាន់ដល់សេចក្តីសុខ សន្តិភាព ដែលជាកេរដំណែលរបស់រដ្ឋបុរសជាតិ ជាស្ថាបនិកសន្តិភាព និងជាអគ្គមគ្គទេសក៍ឯក នៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន។

បន្ទាប់ពីពិធីខាងលើ គណៈប្រតិភូព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍វរសេនាតូចលេខ៣៩២ ខេត្តព្រះវិហារ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៨ឆ្នាំ និងបានផ្តល់ថវិកាជួយឧបត្ថម្ភដល់គ្រួសារសពផងដែរ៕