(កណ្ដាល)៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចំនួន៦នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅមូលដ្ឋានខាងលើ បានអះអាងថា មូលហេតុដែលខ្លួនសម្រេចចិត្តចាកចេញពីបក្សដែលធ្លាប់រួមរស់ ហើយសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាច ដោយសារតែអស់ជំនឿលើការដឹកនាំរបស់បក្សប្រឆាំង និងបក្ខពួកនិយម ព្រមទាំងគណបក្សភ្លើងទៀន ដែលញុះញង់បង្កអសន្ដិសុខ ដល់សង្គមជាតិ។

ពួគេបន្ដទៀតថា ការសម្រេចចិត្តបែបនេះក៏ដោយសារមើលឃើញពីការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ពួកគេក៏ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ ក្នុងវិវាទរវាងព្រំដែនកម្ពុជា-ថៃ៕