(ព្រះវិហារ)៖ អតីតកម្មសិក្សាការីមន្ដ្រីជាន់ខ្ពស់ សាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៦ (ថ្នាក់អង្គរធំ វេនរសៀល) ជាង៤០នាក់ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកនូវអំណោយ រួមមាន សម្ភារៈ និងថវិកាសម្រាប់ជាការលើកទឹកចិត្ត ដល់នាយទាហាន ពលទាហាន ក្នុងកងអន្តរាគមន៍អាវុធគាំទ្រ BM21 ដែលកំពុងឈរជួរមុខ ក្នុងតំបន់មុំបី ប្រាសាទព្រះវិហារ។

តំណាងក្រុមការងារ បានសម្ដែងនូវទឹកចិត្តរំភើប និងស្ញប់ស្ញែងចំពោះកងទ័ពខ្មែរដ៏អង់អាចក្លាហាន និងផ្ដាំផ្ញើសូមថែរក្សាសុខភាពឲ្យបានល្អដើម្បីថែរក្សាទឹកដីខ្មែរ កេរ្តិ៍មរតកប្រសាទដូនតាខ្មែរឲ្យគង់វង្ស។ លើសពីនេះ ក៏សូមប្រគេនពរ និងជូនពរ ព្រះសង្ឃ ជាពិសេសនាយទាហាន ពលទាហាន ដែលកំពុងឈរជួរមុខ ក្នុងតំបន់មុំបីប្រាសាទព្រះវិហារ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕