(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន  នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត «គោលការណ៍ណែនាំ​ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន» ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត-ក្រុង និងមន្រ្តីជំនាញមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួង។

សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មផែនការសកម្មភាពអាទិភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន (ហៅកាត់ថា ក្របខ័ណ្ឌ M&E-MPWT) ដោយមានពិធីប្រគល់សៀវភៅគោលការណ៍ណែនាំក្របខ័ណ្ឌ M&E-MPWT ជូនអង្គភាពក្រោមឱវាទក្រសួង និងចុចប៊ូតុងផ្សព្វផ្សាយប្រកាស​ស្តីពី​ការដាក់​ឱ្យអនុវត្តគោលការណ៍ណែនាំក្របខ័ណ្ឌ M&E-MPWT។

ថ្លែងនាឱកាសនោះលោករដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំរៀបចំក្របខ័ណ្ឌ M&E-MPWT នេះឡើងដ៏មានសារៈសំខាន់ ដែលជាយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាឧបករណ៍ដ៏ចាំបាច់សម្រាប់ជំរុញ និងវាស់វែងសមិទ្ធកម្ម នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកំពុងចូលរួមយ៉ាងសំខាន់​ក្នុងការធានានូវ​អភិបាលកិច្ច ដែលកំណត់នៅក្នុងវដ្ដនៃការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល (Policy Cycle) ដែលយន្តការនេះនឹងផ្តល់ជូនថ្នាក់ដឹកនាំគ្រប់កម្រិតឱ្យទទួលបាននូវព័ត៌មានមួយដែលមានភាពច្បាស់លាស់ និងជឿទុកចិត្តបាន ដើម្បីគាំទ្រដល់ការរៀបចំផែនការសកម្មភាពអាទិភាព និងការរៀបចំថវិកាជាដើម។

លោករដ្ឋមន្រ្តី បានបន្ថែមទៀតថា តាមរយៈរបាយការណ៍សង្ខេបបានបង្ហាញឱ្យឃើញថា ក្របខ័ណ្ឌ M&E- MPWT ដែលបាននិងកំពុងផ្សព្វផ្សាយនាពេលនេះ ត្រូវបានរៀបចំឡើងដោយមានការ​ពិគ្រោះយោបល់ផ្ទៃក្នុង​​ជាមួយគ្រប់អង្គភាព និងតួអង្គពាក់ព័ន្ធជាច្រើនលើកច្រើនសា ទាំងក្នុងកម្រិតបច្ចេកទេស និងក្នុងកម្រិតថ្នាក់ដឹកនាំ ដែលអាចចាត់ទុកជាការបោះជំហានលើមាគ៌ាដ៏ត្រឹមត្រូវថ្មីមួយទៀត​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តកម្រិតខ្ពស់ ដើម្បីរៀបចំក្របខ័ណ្ឌ M&E-MPWT នេះឡើង៕