(អាម៉េរិក)៖ លោក សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ ក.ប.ទ. រួមជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីថល (Digital Startup) ចំនួន ៧ រួមមាន PillTech, BookMeBus, CheckInMe, Jobify, konektAgri, Bamnang និង UDAYA Technology ទៅចូលរួម កម្មវិធី Silicon Valley Summit 2025 ដែលរៀបចំដោយ ក្រុមហ៊ុន Plug and Play នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក។

កម្មវិធី Silicon Valley Summit 2025 គឺជាព្រឹត្តិការណ៍សម្រាប់សហគ្រិនធុរកិច្ចថ្មីឌីជីថល វិនិយោគិន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ និងអ្នកជំនាញនានា បង្ហាញអំពីផលិតផល សេវាកម្ម ឬដំណោះស្រាយថ្មីៗ បង្កើតបណ្ដាញនិងដៃគូពាណិជ្ជកម្ម ការស្វែងរកមូលនិធិ និងការ Pitch ដើម្បីទទួលបានវិនិយោគ ព្រមទាំងជាសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ពីថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកជំនាញលើវិស័យជាច្រើន ដោយផ្ដោតលើការរួមបញ្ចូលបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) រួមមាន បច្ចេកវិទ្យា DeepTech, បច្ចេកវិទ្យាកសិកម្ម (AgiTech), បច្ចេកវិទ្យាសុខាភិបាល (HealthTech និង MedTech), ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិតកម្រិតខ្ពស់ (Supply Chain & Advanced Manufacturing) ថាមពល (Energy) សហគ្រាសនិងបច្ចេកវិទ្យាសិប្បនិម្មិត (Enterprise & AI), Quantum Computing, គ្រីបតូនិងទ្រព្យឌីជីថល (Crypto & Digital Assets) ភេសជ្ជៈចំណីអាហារ (Food & Beverage) ដឹកជញ្ជូន (Mobility) បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ម៉ាកនិងការលក់រាយ (Brand & Retail) ការធ្វើដំណើរនិងបដិសណ្ឋារកិច្ច (Travel & Hospitality) អចលនទ្រព្យនិងសំណង់ (Real Estate & Construction) បច្ចេកវិទ្យាធានារ៉ាប់រង (InsurTech), អវកាសនិងការពារជាតិ (Aerospace & Defense), ទីក្រុងឆ្លាត (Smart City) និងសឺមីកុងឌុចទ័រ (Semiconductors) ជាដើម។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៦,០០០នាក់ មកពីជុំវិញពិភពលោក។

កម្មវិធី Silicon Valley Summit 2025 បានផ្តល់ឱកាសដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាទាំង ៧ ធ្វើបទបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថល ដល់សហគមន៍ធុរកិច្ចថ្មីនិងអ្នកវិនិយោគ។ ក្នុងនោះដែរ កម្មវិធីនេះក៏មាន ធុរកិច្ចថ្មីឌីជីថលអន្តរជាតិ ជាង ១ ១០០ លើ ១៧ វិស័យផ្សេងគ្នាចូលរួមផងដែរ។

ធុរកិច្ចថ្មីឌីជីថលកម្ពុជា បានកសាងបណ្ដាញជាមួយធុរកិច្ចថ្មីឌីជីថលអន្តរជាតិនានា និងចាប់យកឱកាសវិនិយោគពីក្រុមហ៊ុន Plug and Play ដែលជាការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឌីជីថលកម្ពុជា ឱ្យរីកចម្រើនកាន់តែឆាប់រហ័ស ជាពិសេសចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

នេះជាលើកទី១ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំយកក្រុមហ៊ុនបច្ចេកវិទ្យា និងធុរកិច្ចថ្មីឌីជីថលកម្ពុជា មកចូលរួមកម្មវិធីកម្រិតអន្តរជាតិនៅតំបន់ Silicon Valley សហរដ្ឋអាម៉េរិក ដែលជាតំបន់ពហុបច្ចេកវិទ្យាធំបំផុតលើពិភពលោក បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៃការិយាល័យ Plug and Play កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការរវាង ក.ប.ទ. និងក្រុមហ៊ុន Plug and Play ក្នុងគោលដៅលើកកម្ពស់បរិវត្ដកម្មឌីជីថល និងនវានុវត្ដន៍ធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា ជាពិសេស ផ្តល់លទ្ធភាពឱ្យធុរកិច្ចថ្មីឌីជីថលកម្ពុជា អាចស្វែងរកឱកាសទទួលបានការវិនិយោគ និងការពង្រីកធុរកិច្ចទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈបណ្តាញរបស់ក្រុមហ៊ុន Plug and Play ដែលមានការិយាល័យនៅជាង ៦០ កន្លែងទូទាំងពិភពលោក ព្រមទាំងមានក្រុមហ៊ុនបច្ចេកវិទ្យានិងដៃគូធុរកិច្ចជាង ៥៥០ ក្រុមហ៊ុន៕