(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តាកែវ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សជ័យលាភីនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ចំនួន ១៣៩នាក់/ស្រី ៨០នាក់ ទូទាំងខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តតាកែវ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកទាំង១០ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្តតាកែវ ប្រធានមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាល សិស្ស សរុបប្រមាណ ៣៣០នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោករដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំសិក្សាលើមុខជំនាញរបស់ខ្លួន ដែលបានជ្រើសរើសនៅសាកលវិទ្យាល័យ និងចាប់យកជំនាញឌីជីថលបន្ថែម ដោយហេតុថាបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់សឹងតែគ្រប់ផ្នែកទាំងអស់ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានជម្រាបជូនក្មួយៗសិស្សានុសិស្ស និងអង្គពិធីអំពីអនុសាសន៍ដឹកនាំដ៏មុតស្រួច និងបទបញ្ជាយ៉ាងម៉ឺតម៉ាត់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារជាតិ និងបូរណភាពទឹកដីមិនឱ្យបរទេសណារំលោភបំពានបានឡើយ៕