(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅឃុំពញាពន់ ឃុំសំរោង ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ៧៧,៨%។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តការយកចិត្តទុកដាក់ជាពិសេសលើគុណភាព និងសុវត្ថិភាពការងារ ឱ្យបានហ្មត់ចត់ស្របទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា អនុគម្រោងព្រែកពាមសត្ថាជាផ្នែកមួយនៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជួយរំដោះទឹកពីតំបន់រលាំងជ្រៃខាងជើង តាមអូរខ្សាច់ បឹងតាមោក ព្រែកពាមសត្ថា ផ្លូវជាតិលេខ៥ ធ្លាក់ទៅបឹងទន្លេសាប។ ការងារសំខាន់ៗរួមមាន៖ ទី១. ស្តារព្រែកពាមសត្ថាប្រវែងសរុប ១៨,៧ គីឡូម៉ែត្រ មុខកាត់ទទឹង ១០០ម៉ែត្រ និងទី២. សាងសង់ស្ថានីយមូមទឹកមួយកន្លែង មានបំពាក់ម៉ូទ័របូមទឹកចំនួន ៩គ្រឿង៕