(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាមទាំងអស់គ្នា នៅថ្ងៃនេះ និងថ្ងៃស្អែកឱ្យបានទៀងទាត់ ដើម្បីសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ជាពិសេស ស្រ្តីកំពុងសម្រាលកូន ត្រូវការឈាមជាចាំបាច់ ដែលការសង្គ្រោះជីវិតម្ដងទៅ២នាក់ ឬលើសពីនាក់ម្ដាយនិងកូន ព្រមទាំងផ្ដល់ក្ដីសង្ឃឹម និងស្នាមញញឹមដល់គ្រួសារអ្នកជំងឺ។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត» ដែលរៀបចំនៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពទេ ហើយឈាម គឺជាឱសថដ៏ស័ក្តសិទ្ធិមួយក្នុងផ្នែកវេជ្ជសាស្រ្តទំនើប ដែលគ្មានរោងចក្រណាអាចផលិតបានទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីអំណោយឈាមរបស់មនុស្ស។ សូមចូលរួមបរិច្ចាគឈាមទាំងអស់គ្នាឱ្យបានទៀងទាត់ ដើម្បីយើងអាចជួយជីវិតមនុស្សជាទីស្រឡាញ់របស់យើងបានទាន់ពេលវេលា»។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍សំខាន់ៗ ជូនដល់មូលដ្ឋានសុខាភិបាល និងស្ថាប័ន អង្គភាពពាក់ព័ន្ធ ដូចខាងក្រោម៖
១៖ លើកកម្ពស់សារៈសំខាន់នៃការបរិច្ចាគឈាម តាមរយៈការផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីតម្លៃ និងសារៈសំខាន់នៃការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជួយសង្រ្គោះជីវិតរបស់អ្នកជំងឺដែលត្រូវការឈាម
២៖ ជំរុញឱ្យមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដោយអំពាវនាវឱ្យប្រជាពលរដ្ឋទូទៅ និងសហគមន៍ ចូលរួមក្នុងសកម្មភាពផ្តល់ឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ ដែល ជាកាយវិការដ៏ល្អប្រពៃ ជួយសង្រ្គោះជីវិតមនុស្សជាតិក្នុងសង្គម
៣៖ បង្កើនបរិមាណឈាមក្នុងកន្លែងស្តុកឈាម នៅគ្រប់មជ្ឈមណ្ឌល ដេប៉ូឈាមនៅទូទាំងប្រទេស និងតាមមន្ទីរពេទ្យនានា ដោយធ្វើឱ្យមានការចលនា ផ្តល់ឈាមដោយស្ម័គ្រចិត្តកាន់តែច្រើន និងទៀងទាត់
៤៖ បង្ហាញពីការចូលរួមចំណែកក្នុងការសង្រ្គោះជីវិតមនុស្ស ការផ្តល់ឈាម គឺជាសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ដែលអាចជួយសង្រ្គោះជីវិតមនុស្សបានពិប្រាកដ និងជាការផ្តល់ក្តីសង្ឃឹម ថ្មីទៅដល់អ្នកកំពុងតស៊ូជាមួយជំងឺរ៉ាំរ៉ៃផ្សេងៗផងដែរ
៥៖ លើកស្ទួយវិជ្ជាជីវៈសុខាភិបាល និងស្មារតីសហគមន៍ ជាការបរិច្ចាគឈាមជាសង្គហធម៌ដ៏ល្អប្រសើរមួយបង្ហាញពីភាពរួបរួមរបស់សហគមន៍។
បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈសម្តេចជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនោះ ដែលបានអំពាវនាវ លើកទឹកចិត្តជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគាំទ្រដល់យុទ្ធនាការលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត តាមរយៈកាកបាទក្រហមកម្ពុជាគ្រប់ខេត្ត ក្រុង។
ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអំពាវនាវជាថ្មី និងស្វាគមន៍ដល់បងប្អូន យុវជន យុវនារី សិស្ស និស្សិត សូមអញ្ជើញមកបរិច្ចាគឈាម ដោយការស្ម័គ្រចិត្ត ដើម្បី ឧត្តមប្រយោជន៍ មនុស្សធម៌ និងការជួយជីវិតមនុស្ស។ ការបរិច្ចាគឈាមបង្ហាញពីក្តីស្រឡាញ់ ក្តីសង្ឃឹមដល់អ្នកជំងឺ និងជាកុសល្យ។ ការបរិច្ចាគឈាម គឺផ្ទុយពីការមានជំងឺ និងបង្ហាញពីគុណធម៌ ភាពកក់ក្តៅ ក្តីករុណាពិតប្រាកដ។ ផ្តល់ឈាម គឺជាការផ្តល់ថាមពលផ្លូវចិត្ត ភាពក្លាហាន អារម្មណ៍ល្អ ក្តីស្រឡាញ់ និងបង្ហាញពីភាពអត់ធ្មត់។
ក្នុងពិធីនេះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយស ប្រគល់នូវលិខិតថ្លែងអំណរគុណជនក្រុមហ៊ុនឯកជនចំនួន៣ ដែលបានជួយឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ទិវាពិភពលោកនៃអ្នកផ្តល់ឈាម និងបានបំពាក់មេដាយផ្តល់ឈាមជូនសប្បុរសជន ដែលបានបរិច្ចាគឈាមជាទៀងទាត់ ដើម្បីជាការលើកទឹកចិត្ត និងបន្តសកម្មភាពដ៏ប្រពៃនេះបន្តទៀត។
សូមជម្រាបថា ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ប្រារព្ធធ្វើនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំ បន្ទាប់ពីសន្និបាតអង្គការសុខភាពពិភពលោក លើកទី៥៨ ឆ្នាំ២០០៥ ដែលមានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ បង្កើតទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមជារៀងរាល់ឆ្នាំតរៀងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា តាមរយៈរបាយការណ៍របស់មជ្ឈមណ្ឌល បានបង្ហាញថាមានការកើនឡើងនូវអំណោយឈាម និងការផ្គត់ផ្គង់ឈាម បានឆ្លុះបញ្ចាំងឱ្យឃើញថា សេវាព្យាបាលតាមជំនាញឯកទេស និងសេវាសង្រ្គោះបន្ទាន់ នៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ដែលជាការរួមចំណែកក្នុងការពង្រឹងសេវាសុខាភិបាល ដើម្បីឆ្ពោះទៅកាន់ការក្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា។
ពិធីនាព្រឹកនេះដែរក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល, លោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្រ្វេតធីនីធី និងប្រធានអង្គភាពសុខាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងនិស្សិត យុវជនកាកបាទក្រហមកម្ពុជាជាច្រើនរូបទៀត៕