(ស្វាយរៀង)៖ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុង «កិច្ចបដិបត្ដិពុទ្ធោវាទដើម្បីកសាងខ្លួនជាមូលធនមនុស្សក្នុងសង្គម» ដែលរៀបចំឡើងដោយនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់សហការជាមួយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងរដ្ឋបាលស្រុករំដួល។
កិច្ចសន្ទនានេះ បានរៀបចំឡើងនៅស្រុករំដួលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរឹទ្ធិ និងស.ស.យ.ក. សរុបប្រមាណ ៣៥០រូប។
បើតាមលោក ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា កម្មវិធីនេះរៀបចំដើម្បីពង្រីកចំណេះដឹង ពង្រឹងសមត្ថភាព បណ្តុះគុណធម៌ សីលធម៌ដល់យុវជនបន្តវេនក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពី ឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ដែលអប់រំផ្លូវចិត្ត និងមនសិការប្រជាពុទ្ធបរិស័ទលើទម្លាប់មានសីលធម៌ សុជីវធម៌ និងចរិយាធម៌នៅក្នុងសង្គម, អភិវឌ្ឍសមត្ថភាពនិងតួនាទីរបស់យុវជនជាមិត្តអប់រំមិត្ត ក្នុងការចូលរួមពង្រឹងសីលធម៌សង្គមនៅក្នុងសាលារៀននិងសហគមន៍ និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ ជីវិតនិងសង្គម របស់ចាស់ព្រឹទ្ធាចារ្យដើម្បីបណ្ដុះស្មារតី និងបង្កើនសាមគ្គីភាពរបស់យុវជនចូលរួមអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
លោក ឈួរ សុបញ្ញា បានបន្តទៀតថា ពាក្យថា មូលធនមនុស្ស គឺសំដៅដល់កត្តារួមផ្សំចំនួន៤យ៉ាង គឺ (១) មនុស្សមានចំណេះដឹង (២) មនុស្សមានចំណេះធ្វើ ឬបំណិន (៣) មនុស្សមានឥរិយាបថល្អ (សីលធម៌ក្នុងការរស់នៅ) និង (៤) មនុស្សមានសុខភាពល្អ។ ក្នុងនោះឥរិយាបថល្អរបស់មនុស្ស ឬសីលធម៌ល្អរបស់មនុស្ស គឺជាចំណុចសំខាន់មួយក្នុងចំណោមកត្តាទាំងបួននេះ ហើយមេរៀនរបស់ព្រះពុទ្ធគឺគោលការណ៍នៃសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។
ចក្ខុវិស័យក្នុងការចូលរួម កសាងមូលធនមនុស្ស ដើម្បីរួមចំណែកអភិវឌ្ឍសង្គមប្រកបដោយចីរភាព ភាគីដៃគូ និងវាគ្មិននឹងធ្វើការបញ្ចូលគ្នា (Integration Approach) រវាងទ្រឹស្ដី (បរិយត្តិ) និងការអនុវត្តតាមគន្លងពុទ្ធមាគ៌ា (Buddha Teaching and Application) ដែលនឹងត្រូវពន្យល់អធិប្បាយដោយវាគ្មិនល្បីៗ និងការផ្ដល់ចំណេះដឹងលើការអនុវត្ដជាក់ស្ដែងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាបទពិសោធន៍ក្នុងការរៀនរស់ក្នុងសង្គមប្រកបដោយភាពថ្លៃថ្នូរ ដែលអាចប្រែក្លាយខ្លួនទៅជា កល្យាណបុថុជ្ជន ដែលមានតម្លៃសម្រាប់ជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។
ថ្លែងក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បានថ្លែងអំណរគុណនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមអប់រំសីលធម៌អន្តរជំនាន់ដែលបានសហការជាមួយអង្គការសន្ដិសេនា ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ ដែលរៀបចំកម្មវិធីនេះឡើងដើម្បីពង្រឹងស្មារតីចែករំលែកចំណេះដឹងដល់យុវជន ឱ្យប្រែក្លាយជាទំពាំងប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការរបស់គោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល គឺប្រជាជនរស់នៅក្នុងសង្គមស៉ីវិល័យ និងបំពេញតម្រូវកសរសម្រាប់ឆ្នាំ២០២៣០និង ឆ្នាំ២០៥០។
ព្រមជាមួយគ្នានោះលោកស្រី បានបន្ថែមទៀតថា តាមរយៈសកម្មភាពនិងវិធីសាស្រ្ដនៃការអនុវត្ដក្នុងវេទិកានេះ នឹងទទួលបាននូវសមិទ្ធកម្មស្របតាមគោលបំណងដែលអាចរួមចំណែក សម្រេចបាននូវគោលដៅនៃយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃនិងប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនោះលោកស្រី ក៏បានជូនសម្ភារសិក្សាដល់យុវជនទាំង ៣០០រូប និងថវិកាឧបត្ថម្ភថវិកាជូនគ្រូបង្រៀនផងដែរ៕