(ភ្នំពេញ)៖ កម្ដៅកាន់តែកើននៅតាមបណ្ដោយព្រំដែន ក្រោយមេភូមិភាគ២ ថៃ លោក Gen Boonsin Padklang បានប្រកាសចង់ធ្វើសង្គ្រាមជាជាងចរចាជាមួយភាគីកម្ពុជា និងថាថៃមិនទៅតុលាការ ICJ ជាដាច់ខាត ខណៈភាគីកម្ពុជា-ថៃ កំពុងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា​ ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយម និងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។

លោក បានគូសបញ្ជាក់ថា៖ «ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញនាថ្ងៃសៅរ៍នេះគឺជាឧទាហរណ៍ស្រាប់»

នេះសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីឱ្យអស់លទ្ធភាព ក្នុងការដោះស្រាយបញ្ហា ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។ នេះបើតាមការលើកឡើងរបស់លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក បានបន្តថា «មានករណីតែមួយគត់ដែលកម្ពុជារក្សាសិទ្ធិប្រើអាវុធ គឺករណីដែលមានការឈ្លានពានតែប៉ុណ្ណោះ។ ពេលនេះសាធារណមតិជាតិនិងអន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ពីជំហររបស់កម្ពុជា ដែលស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ និងស្អប់ខ្ពើមសង្គ្រាម ខណៈដែលភាគីថៃទាត់ចោលយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ ហើយមេទ័ពរបស់ខ្លួនថែមទាំងប្រើវោហាសាសន៍សង្គ្រាមទៅវិញ»

គួរជម្រាបថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕