(កណ្ដាល)៖ អភិបាលក្រុងអរិយក្សត្រ លោក ចាន់ តារា នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខអតីតពលករមកពីប្រទេសថៃ ចំនួន២គ្រួសារ ដោយនាំយកទាំងអំណោយ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយបញ្ហាជីវភាពផងដែរ។

លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ស្វែងរកការងារ និងគិតគូពីជីវភាពប្រចាំថ្ងៃ ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ គឺមិនឲ្យពិបាក ឬខ្វះខាតដែលមិនបានការងារធ្វើការនៅប្រទេសថៃឡើយ។

លោកអភិបាលក្រុង បានបន្ដថា សម្រាប់ពលករដែលជាអ្នកក្រុងអរិយក្សត្រ ដែលវិលពីប្រទេសថៃជាបន្តបន្ទាប់ សូមកុំមានការព្រួយបារម្ភចំពោះបញ្ហាជីវភាព ដោយរដ្ឋបាលក្រុង នឹងទទួលយ៉ាងយកចិត្តទុកដាក់ឧបត្ថម្ភអំណោយ និងព្យាយាមរកការងារជូនបងប្អូនឲ្យអស់ពីសមត្ថភាព។

លោកអះអាងថា ដោយមានការយកចិត្តទុក្ខដាក់ និងតាមដានជាប្រចាំពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះខេត្តកណ្តាលមាន លោក គួច ចំរើន ជាអភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរគ្រប់ក្រុងស្រុក ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះពលករខ្មែរដែលចំណាកស្រុកធ្វើការនៅប្រទេសថៃ និងត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួកគាត់ភ្លាមៗ៕