(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ បានដឹកនាំប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខនាំការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោក ម៉ែន កួន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា នៅគេហដ្ឋាន សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរយៈលោក ចាយ បូរិន, លោក ម៉ែន កួន និងក្រុមគ្រួសារ បានសុំអនុញ្ញាតថ្លែងនូវសេចក្ដីអំណរគុណ និងកត្តញ្ញូគោរព ជូនចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានចាត់ប្រតិភូមកសួរសុខទុក្ខលោក និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ លោកពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំតាមប្រពៃណីដ៏ល្អផូរផង់បន្តពីសម្តេចតេជោ ហ៊ុន សែន គឺការយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកក៏បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍសមិទ្ធផលថ្មីៗបន្តទៀត ក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនេះ លោក ម៉ែន កួន បានរំលឹកអំពីប្រវត្តិការងារ និងអនុស្សាវរីយ៍ជាច្រើនដែលលោកធ្លាប់បានឆ្លងកាត់ក្នុងការចូលរួម ចំណែកដឹកនាំយុវជន បម្រើគណបក្សក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជាបទពិសោធចែកជូនដល់យុវជនជំនាន់ក្រោយ។

ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ បានចូលបម្រើការងារ ជាប្រធានមន្ទីរ យុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា ឆ្នាំ១៩៨៣ លេខាប្រចាំការ គណៈកម្មាធិការមជ្ឈិម សម្ព័ន្ធយុវជនឆ្នាំ១៩៨៩ ជាលេខាទី១ នៃសម្ព័ន្ធយុវជន និងជាគណៈកម្មាធិការមជ្ឈិម ស.យ.ក. រហូតដល់ឆ្នាំ១៩៩៣។

ឆ្នាំ១៩៩២ ជាសមាជិកមជ្ឈិមបក្សឆ្នាំ២០០៤ ប្រធានក្រុមការងារយុវជនគណបក្សឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៤ អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ នៅនីតិកាលទី៤ នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា នីតិកាលទី៥ នៃរដ្ឋសភា ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា នីតិកាលទី៦ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងបច្ចបុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា នីតិកាលទី៧ នៃរដ្ឋសភា។

លោក ម៉ែន កួន បានសំណូមពរដល់យុវជនគណបក្ស ដូចតទៅ៖

*យុវជន ត្រូវដឹងគុណ មានឆន្ទៈ និងបេះដូងស្រលាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា ជានិច្ច ព្រោះមានតែគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសធ្វើឲ្យប្រជាជន ក៏ដូចជាយុវជនបច្ចុប្បន្ន ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ មានឱកាសក្នុងការសិក្សារៀនសូត្រ ទទួលបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ស្មើមុខស្មើមាត់នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ ដូចសព្វថ្ងៃ

*ក្នុងនាមលោកដែលបានចូលរួមចំណែក ជាមួយចលនាយុវជននិងចង់ឃើញជំនាន់យុវជនថ្មីមួយមានសក្ដានុពលភាពខ្លាំងក្លា ជាអ្នកបន្តវេន អនាគតរបស់មាតុភូមិ។ លោកមានជំនឿ និងគាំទ្រល រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកប្រធានប្រតិភូ បានប្រគល់អំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោក ម៉ែន កួន និងសូមជូនពរដល់លោក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕