(ភ្នំពេញ)៖ ក្រសួងការងារ បានចេញសេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ដែលមានការងាររហូតដល់ជាង២៣ម៉ឺនកន្លែង កំពុងត្រូវការកម្លាំងពលកម្មនៅតាមសហគ្រាស និងគ្រឹះស្ថាននានានៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីសម្រួលដល់បងប្អូនដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ ក្រសួង និង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយរដ្ឋបាលខេត្តតាមព្រំដែន រៀបចំមណ្ឌលសំចតបន្ថែមលើ មជ្ឈមណ្ឌលសំចតដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ត្រៀមស្វាគមន៍ដំណើរ វិលត្រឡប់របស់បងប្អូន។ ជាមួយគ្នានេះ ក្រសួងបានបញ្ជូនក្រុមការងារ និងរថយន្តមជ្ឈមណ្ឌលការងារចល័តចំនួន ៧គ្រឿង បន្ថែមលើមជ្ឈមណ្ឌលការងារទៅប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ជាពិសេស ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមចុះឈ្មោះផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនបងប្អូនផងដែរ»។

ដោយគិតត្រឹមម៉ោង ៦៖០០ល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ មានសហគ្រាស និងគ្រឹះស្ថាននានានៅប្រទេសកម្ពុជា មានតម្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង។

ដើម្បីទទួលបានព័ត៌មានលម្អិតសូមបងប្អូនទំនាក់ទំនងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) តាមរយៈប្រព័ន្ធទូរសព្ទឥតគិតប្រាក់ Hotline លេខ ១២៩៧ ឬទូរសព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥/០៩៧ ៦៣៣ ៦០០២/០៨៦ ៨៦០ ០៦៦។

សូមបងប្អូនដែលមានបញ្ហាប្រឈម ឬមានចម្ងល់អាចទំនាក់ទំនងមកក្រុមតេឡេក្រាម «សម្រាប់ពលករ ទេសន្តរប្រវេសន៍» តាមតំណភ្ជាប់ https://t.me/KhmerMigrantWorker ឬតាមរយៈទូរសព្ទរបស់ស្ថានទូតលេខ +៦៦ ៩២ ៨០៥ ០៥៦១, អនុព័ន្ធការងារ +៦៦ ៨៣ ៥៤៥ ៧៧៨៨, +៦៦ ៩២ ២៩៩ ០១៣៣, ៦៦ ៦២ ០៨៩ ៨៩១៨, និង +៦៦ ៦៥ ៣០២ ០៩៣៣