(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី បានចូលរួមធ្វើបទបង្ហាញ ដល់សាស្ត្រាចារ្យ និងសិស្សិនិស្សិត នៃសាកលវិទ្យាល័យន័រតុន ដែលបានមកទស្សនកិច្ចសិក្សា នៅរមណីយដ្ឋានប្រាសាទភ្នំដា ព្រមទាំងបានចូលរួមសំអាតបរិស្ថាន នៅតាមទីសាធារណៈ និងបរិវេណរមណីយដ្ឋានប្រាសាទភ្នំដា ដោយមានការចូលរួមពីលោក លោកស្រីមន្រ្ដីរាជការ កងកម្លាំង អាជ្ញាធរឃុំ ភូមិ យុវជន ស.ស.យ.ក.ស្រុក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន អង្គរបុរី ផងដែរ។

ក្នុងនោះដែរលោកអភិបាលរង បានមានមតិថា យើងធ្វើនេះដើម្បីចូលរួម អបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥ មិថុនា ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ«ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺសមស្របទៅនឹងបរិបទរបស់ពិភពលោក ដែលកំពុងប្រឈមនឹងការកើនឡើងនៃសំណល់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។

លោកបានឱ្យដឹងថាប្រធានបទនេះ ពិតជាបានឆ្លុះបញ្ចាំងពីការពិត និងការព្រួយបារម្ភរបស់ពិភបលោកចំពោះបញ្ហាប្លាស្ទិក ប្រសិនបើគ្មានវិធានការប្រកបដោយនិរន្តភាពនោះទេ ហើយការបំពុលដោយប្លាស្ទិក បានប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស សត្វ និងបរិស្ថាន។ ដោយឡែក ការដុតសំណល់ប្លាស្ទិកនៅទីវាល បានបង្កឱ្យមានផលប៉ះពាល់ដល់ស្រទាប់អូហ្សូន និងសុខភាពមនុស្ស គឺនៅពេលដកដង្ហើម ដូចជា ជំងឺមហារីក ជំងឺផ្លូវដង្ហើម។ ផ្សែងដែលហុយពីថង់ប្លាស្ទិកទាំងនោះ មានជាតិគីមីខ្ពស់ប្រភេទ ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីក។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋមានការប្តេជ្ញាចិត្ត និងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងនោះការអនុវត្តវិធី៤R ជាចាំបាច់ គឺចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សូមធ្វើការប្រើប្រាស់ឡើងវិញកុំប្រើប្លាស្ទិកតែ១ដងបោះចោល ធ្វើការកែច្នៃនិងផលិតជាសម្ភារប្រើប្រាស់ឡើងវិញ និងទាញយកចំណូលពីពីប្លាស្ទិក និងធ្វើការបដិសេធមិនប្រើប្រាស់ប្លាស្ទិកប្រចាំថ្ងៃ។

ក្នុងឱកាសនោះ លោកបានលើកឡើងថា ក្រោមម្លប់សន្តិភាព ការឯកភាណជាតិ និងឯកភាពទឹកដី កើតចេញពីការយកអាយុជីវិតធ្វើដើមទុន ស្មោះត្រង់ចំពោះជាតិនិងប្រជាជនកម្ពុជា របស់ឥស្សរជនជាន់ខ្ពស់ ជាពិសេសការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបដីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ វិស័យបរិស្ថាន ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីនៃព្រះរាជាណចក្រកម្ពុជា ដោយមានកិច្ចសហប្រិបត្តិការ យ៉ាងល្អនិងជិតស្និទពីក្រសួង ស្ថាប័នពាក់ប័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ លើការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់ ប្រទេសមានគម្របបៃតងកើនឡើង និងជាប្រទេសអព្យាក្រឹតកាបូន៕